ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួប នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ
- ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ម៉ោង ៨:៥៧ ព្រឹក
- សកម្មភាពក្រសួង
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួប ចំនួន ០២ គម្រោង ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ។
ការចុះពិនិត្យផ្លូវនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។
ផ្លូវទាំង២ គម្រោងនោះរួមមាន៖
-គម្រោងទី១៖ ការងារថែទាំខួប ដោយក្រាលក្រួសក្រហមលើផ្លូវចំនួន ០១ខ្សែ ប្រវែង ១២.៤៧០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅក្នុងឃុំខ្ទុំក្រាំង និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
– គម្រោងទី២៖ ការងារថែទាំខួបដោយក្រាលក្រួសភ្នំប្រសិទ្ធ និងខ្សាច់ស លើផ្លូវចំនួន ០២ ខ្សែ ប្រវែងសរុប ១៣.២០០ ម៉ែត្រ ទទឹងខ្នងលើ ៤ ម៉ែត្រ និង ៤,៥ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ស្ថិតនៅឃុំឈ្វាំង ឃុំព្រៃពួច ស្រុកពញាឮ ខេត្តកណ្ដាល។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕