ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាកខេត្តព្រះវិហារ និងសហការី បានអញ្ជើញទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ចែលរំលែក

ដោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាកខេត្តព្រះវិហារ និងសហការី នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងមានចំនួន ៥ ខ្សែ នៅក្នុងនោះកំណាត់ ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេ មានប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំ រសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ស្ថិតក្នុងភូមិទាម អាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។

ក្រុមការងារបានពិនិត្យឃើញថា កំណាត់ផ្លូវប្រវែង ១០ គីឡូម៉ែត្រនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដឹកជញ្ជូនកៅសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ជាពិសេសដំឡូង ពីខេត្ត ព្រះវិហារ ទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលារៀនជាដើម ។ កំណាត់ផ្លូវប្រវែង ១០ គីឡូម៉ែត្រ ខាងលើនេះ រងការខូចខាតប្រមាណ ១គីឡូម៉ែត្រ ដោយទឹកហូតកាត់ជាច្រើនកន្លែង ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ដែលកំពុងប្រកបរបរកសិកម្មដាំដំឡូង បានស្នើសុំតាម រយៈក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ គោរពស្នើសុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួយធ្វើផ្លូវនេះឡើងវិញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ព្រោះថាផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។

ជាមួយគ្នានេះដែរ លោក គឹម រិទ្ធី តំណាងឲ្យប្រជាពលរដ្ឋ ក៏បានគោរពស្នើសុំ ឯកឧត្ដមបណ្ឌិត សភាចារ្យ រដ្ឋមន្រ្ដី មេត្តាជួយជួយធ្វើផ្លូវនេះ ឡើងវិញឲ្យបានឆាប់ ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានទទួលយកសំណូមពរនេះពីប្រជាពលរដ្ឋ និងពីលោក គឹម រិទ្ធី ដើម្បីជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មេត្តាជ្រាប និងពិនិត្យលទ្ធភាពដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត។ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការគ្នាយកឈើក្តារ ឈូសឆាយ និងសែងដីចាក់ ធ្វើជា ស្ពានឈើតូចមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ និងបានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាខន្តី អត់ធ្មត់បន្តិច ដោយទុកពេលជូនថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេច តេជោនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពដោះស្រាយជូនតាមសំណើរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីបានលឺដូច្នេះ ប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានសន្យាថា នឹងបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឫភិបាល បន្តទៀតដើម្បីឲ្យសម្តេចបានបន្តដឹកនាំប្រទេសឲ្យកាត់តែរីកចម្រើនសំបូរសប្បាយថែមទៀតក្រោមដំបូលនៃសុខសន្តិភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែកជូនប្រជាពលរដ្ឋប្រមាណ៩០នាក់ ដោយម្នាក់ទទួលបានសារុងមួយផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ