ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំកិច្ចប្រជុំលើកទី៣៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ម៉ោង ១១:៥៤ ព្រឹក
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកទី ៣៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក Anirban Chatterjee ប្រធានស្ដីទីអង្គការ UNICEF ប្រចាំនៅកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តំណាងក្រសួង ស្ថាបនពាក់ព័ន្ធ អង្គការជាដៃគូរពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ផងដែរ ដោយធ្វើបទបង្ហាញពីបច្ចុប្បន្នភាពការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិលើកទី២ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ បទបង្ហាញបច្ចុប្បន្នភាពនៃការគាំទ្រក្នុងការរៀបចំផែនការថវិកាក្នុងការស្នើសុំថវិកាកម្មវិធី បទបង្ហាញពីផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងខេត្តកណ្ដាល និងបទបង្ហាញពីស្ថានភាពនៃទឹក្អាត និងអនាម័យនៅតាមសាលារៀន និងបានពីភាក្សាពីឯកសារគោលនយោបាយ និងយុទ្ធសាស្រ្ដដែលនឹងត្រូវរៀបចំថ្មី សម្រាប់បន្ទាប់ពីឆ្នាំ២០២៥ ។
ក្នុងឱកាសបូកសរុបលទ្ធផលអង្គប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការជំរុញវិស័យនេះមានការរីកចម្រើនគួរកត់សម្គាល់។ ជាមួយនេះ ដោយសារតែទឹកជំនន់ឆ្នាំនេះមានសភាពធំធេងស្ទើរតែគ្រប់ខេត្ត ជាពិសេសខេត្តដែលជាប់ព្រំប្រទល់នឹងប្រទេសថៃ និងភាគខាងជើងនៃប្រទេសបានបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធពីរប្រភេទ គឺទីមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងទី២ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត មានអណ្ដូងទឹកស្អាត ប្រព័ន្ធចែកចាយទឹក និងបង្គន់អនាម័យ ។ ដើម្បីស្ដារឡើងវិញ បច្ចុប្បន្នក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទកំពុងពិនិត្យវាយតម្លៃទំហំនៃការខូចខាតនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានស្នើសុំឱ្យក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅតាមបណ្ដាខេត្តផ្សេងៗទៀតខិតខំកៀរគរធនធានដោយសហប្រតិបត្តិការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ហើយអនុវត្តឱ្យដូចក្រុមការងារនៅក្នុងខេត្តកណ្ដាល។
គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងឆ្នាំ២០២២ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងការប្រតិបត្តិអនាម័យបានប្រមាណជាង ៨០%ហើយ នៅទូទាំងប្រទេស ៕