ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” ប្រចាំកម្ពុជា
- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម៉ោង ៨:២៤ ល្ងាច
- សកម្មភាពក្រសួង
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD”ប្រចាំកម្ពុជា បានកោតសរសើរពីសហប្រតិបត្តិការដ៍ល្អរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហការីដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។ ជាមួយនេះក៏ បានសម្តែងការអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជានាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារំាង AFD ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនាពេលកន្លងមក ។
ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនថា ផែនការសកម្មភាពក៍ដូចជាបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យធ្វើឱ្យប្រជាជននៅទីជនបទ មានភាពរីកចម្រើនទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងត្រូវអនុវត្តយុទ្ធសាស្ត្រពីរសំខាន់ៗ គឺ ទី១. លើកកម្ពស់ជីវភាពសហគមន៍ជនបទ និង ទី២. លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារជនបទ តាមរយៈការអភិវឌ្ឍជំនាញ ការផ្តល់ឥណទានជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការបង្កើតប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទ ឬ អ្នកមាន និងអ្នកក្រ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៍បានជម្រាបជូន លោកស្រីនាយិកា អំពីស្ថានភាពទឹកជំនន់នៅកម្ពុជាជាពិសេសតាមបណ្តាលខេត្តដែលរងផលបះពាល់ដោយសារទឹកជំនន់ ដូចជាខេត្តបន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង និងបណ្តាខេត្តជាប់បឹងទន្លេសាប។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានស្នើសុំឱ្យមានការផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជំនួយលើការស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៍បានលើកឡើងពីគម្រោង RID4CAM ដែលកំពុងដំណើរការ គម្រោងនេះធានានូវការស្តារឡើងវិញនូវផ្លូវជនបទប្រវែង 550 គីឡូម៉ែត្រដែលរួមបញ្ជូលទាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអនុវត្តអនាម័យល្អ និងសុខភាព។
ជាការឆ្លើយតបលោកស្រី Sandrine BOUCHER បានបញ្ជាក់ថា ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1993 ហើយបានគាំទ្រប្រទេសកម្ពុជា ដោយផ្តោតលើផ្នែករចនាសម្ព័ន្ធសំខាន់ៗ ដូចជាការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច (អគ្គិសនី ទឹក អនាម័យ ប្រព័ន្ធធារាសាស្ត្រ) ទីក្រុង និងតំបន់ជនបទ ។ ជាមួយនេះ AFD ក៏ចូលរួមយ៉ាងសកម្មក្នុងការជួយសម្រួលដល់ការទទួលបានសេវាមូលដ្ឋាននៅតំបន់ជនបទដែលមាន 70% នៃប្រជាជនកម្ពុជារស់នៅ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ផ្លូវជនបទ) គឺជាអាទិភាពមួយក្នុងចំណោមគម្រោងជាច្រើនរបស់អង្គការ AFD ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ។
លោកស្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នាពេលកន្លងមក ហើយលោកស្រីក៍បានសំណូមពរអោយក្រសួងអភិវឌ្ឍន៍ជនបទ បន្តជួយសម្របសម្រួល និង បន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងដើម្បីសម្រេចទៅបានឆាប់តាមការគ្រោងទុក ៕