មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្រោយទឹកស្រក

ចែលរំលែក

ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ ចំនួន ៤ស្រុក មានស្រុកមង្គលបូរី, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អុិន ចន្ថា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងឱ្យរូបឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះឯកឧត្តម អុិន ចន្ថា បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។

ឯកឧត្តមបានបន្ថែមថា ក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅរកសេវានានាពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ។

បេីតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិចបានបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន៥៥ខ្សែ ប្រវែង៥៨២,២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង ១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងនោះផ្លូវទាំង៥៥ខ្សែនេះស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន៣ខ្សែ,ស្រុកស្វាយចេកចំនួន៣ខ្សែ,ស្រុកថ្មពួកចំនួន៦ខ្សែ,ស្រុកម៉ាឡៃចំនួន២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន១ខ្សែ និងក្រុងសិរីសោភ័ណចំនួន៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ