ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្ដាលីបន្តជួយគាំទ្របន្ថែមទៀតចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ចែលរំលែក

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Karlene Maywald ក្រុមប្រឹក្សាភិបាលអង្គការ Water Aid អូស្រ្ដាលី ព្រមទាំងសហការី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្ដាលីបន្តជួយគាំទ្របន្ថែមទៀតចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រោះនេះជាតម្រូវការមូលដ្ឋានក្នុងការអភិវឌ្ឍន៍ប្រទេស ព្រមទាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គការដៃគូដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្ដាលី។

​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ បានជម្រាបជូនអំពីស្ថានភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្រ្ដីជាង ៥០០ នាក់នៅថ្នាក់កណ្ដាល និងជាង ១ ០០០នាក់នៅថ្នាក់ខេត្ត និងបានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា អូស្រ្ដាលី ដែលរហូតមកដល់ពេលនេះជាខួបលើកទី ៧០ ហើយ។ ជាមួយនេះរដ្ឋាភិបាលអូស្រ្ដាលីបានជួយកម្ពុជាអភិវឌ្ឍធនធានមនុស្ស ដោយឡែកថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទក៏បានទទួលអាហារូបការណ៍ថ្នាក់អនុបណ្ឌិតផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទមានយុទ្ធសាស្រ្ដសំខាន់ៗចំនួន ២ គឺ៖ ១- ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជន, ទី២ គឺ ការលើកកម្ពស់ជីវភាពេពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែល្អប្រសើរឡើងតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍។

ជាការឆ្លើយតបលោកជំទាវ Karlene Maywald ក្រុមប្រឹក្សាភិបាលអង្គការ Water Aid អូស្រ្ដាលី​ បានមានប្រាសាន៍ថា កម្មវិធីអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺប្រហាក់ប្រហែលជាមួយកម្មវិធីរបស់អង្គការ Water aid ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាដែរ ។ អង្គការ Water aid នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភវឌ្ឍន៍ជនបទបន្តទៀតក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា​ បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្ដាលីបានជួយកម្ពុជាផ្នែកទឹកស្អាត និងអនាម័យ ហើយមានអង្គការចំនួន ២៥ កំពុងធ្វើសកម្មភាពនៅកម្ពុជា ក្នុងនោះក៏មានអង្គការ Water Aid ផងដែរ ។ រដ្ឋាភិបាលអូស្រ្ដាលី បានផ្ដោតការយកចិត្តទុកដាក់លើការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រោះជាការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងទទួលបានសេវាសង្គមផ្សេងៗ ដែលជាតម្រូវការចាំបាច់បំផុតនៅមូលដ្ឋានជនបទ និងការធ្វើសមាហរណកម្មជាមួយគម្រោងផ្សេងៗទៀត ដូចជាការធ្វើវិនិយោគលើការងារទឹកស្អាត និងអនាម័យជនបទជាដើម ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ