![](https://www.mrd.gov.kh/wp-content/uploads/2025/02/1-6-150x150.jpg)
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
- ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៨:៤១ ល្ងាច
- សកម្មភាពក្រសួង
![](https://www.mrd.gov.kh/wp-content/uploads/2022/02/photo_2022-02-04_20-37-55-1000x614.jpg)
នារសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ KOICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបាន និងកំពុងផ្តល់ការគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ជនបទជាច្រើននៅកម្ពុជា។
ក្នុងជំនួបនេះដែរ លោកនាយក KOICA និងសហការីបានសម្តែងការកោតសរសើរចំពោះទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងKOICA ហើយបានរាយការណ៍អំពីវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍ថ្មីគឺ “គម្រោងការកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិតាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” ដើម្បីប្រែក្លាយអតីតតំបន់សមរភូមិឲ្យទៅជាភូមិដ្ឋានដែលមានសន្តិភាព និងភាពសម្បូររុងរឿង ដោយផ្តោតលើការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព” គម្រោងនេះមានសមាសភាគធំៗចំនួនបីគឺ កែលម្អបរិស្ថានរស់នៅ បង្កើនប្រាក់ចំណូលដល់កសិករ និងពង្រឹងសហគមន៍ជនបទ ដែលត្រូវអនុវត្តន៍រយៈពេល ៦០ខែ (ឆ្នាំ 2022-2026)៕