ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៦:៥៨ ល្ងាច
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងការងារបំពេញបេសកម្មការទូតនៅកម្ពុជា និងរីករាយសហការយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែក រឹតបណ្តឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួម និងផ្តល់ការគាំទ្រចំពោះការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជាតាមរយៈជំនួយផ្លូវការជាច្រើនទៅលើវិស័យផ្សេងៗដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការផ្តល់ជំនួយលើវិស័យបោសសំអាតមីន។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ ដោយផ្ដោតទៅលើ ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ, កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលបានមកបំពេញបេសកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងការកោតសរសើរដល់កិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីក៏បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលីបន្តជួយគាំទ្របន្តទៀត។