សេចក្តីប្រកាសព័ត៌មាន
- ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ៥:០៣ ល្ងាច
- សកម្មភាពក្រសួង
នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រសួងអភិវឌ្ឍន៍ជនបទបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលមានសមាជិកចូលរួមសរុបចំនួន ៨០០រូប។ អង្គសន្និបាតបានឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលមានគោលដៅឆ្លើយតបទាំងស្រុងទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ទិសដៅឆ្នាំ២០២០ នេះ មានដូចតទៅ៖
ទី១. បន្តរួមចំណែកយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការការពារនិងរក្សាឱ្យបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ទី២. បន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់
វិស័យអភិវឌ្ឍន៍ជនបទ ដើម្បីរួមចំណែកជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពដោយមានអភិបាលកិច្ចល្អជាស្នូល។
ទី៣. បន្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ និងអភិវឌ្ឍន៍ស្ថាប័នឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួង។
ទី៤. សិក្សាបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើដល់ការស្ថាបនាផ្លូវ ស្ពាននៅជនបទ ដែលមានគុណភាពរឹងមាំ និងធន់ជាមួយការប្រែប្រួលអាកាសធាតុ។
ទី៥. ដំណើរការឱ្យបានទាន់ពេលវេលាកំណត់នូវការសិក្សាគម្រោង និងការអនុវត្តការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវជនបទ ស្ពាន និងសំណង់សិល្បការ្យគ្រប់ប្រភេទ ប្រកបដោយគុណភាព សោភ័ណភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយត្រូវផ្តល់អាទិភាពដល់គម្រោង ដោយអនុលោមតាមភាពចាំបាច់ និងលទ្ធភាពនៃថវិកា។
ទី៦. ជំរុញឱ្យគ្រប់អង្គភាពដែលអនុវត្តគម្រោងហិរញ្ញប្បទានផ្ទាល់ និងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍លើការងារស្ថាបនា ថែទាំ និងជួសជុល និងសំណង់សិល្បការ្យគ្រប់ប្រភេទ ធ្វើការបញ្ជាក់គុណភាពនៃសំណាកសម្ភារ និងវត្ថុធាតុដើមនៅមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ទី៧. ដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធទិន្នន័យ Rural Road Asset Management System (RRAMS) ដែលជាបច្ចេកវិទ្យាទំនើបសម្រាប់រៀបចំផែនការថែទាំ និងជួសជុលផ្លូវជនបទ។
ទី៨. ចុះស្រង់ទិន្នន័យផ្លូវ ស្ពាន លូ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងបង្គន់អនាម័យនៅតាមជនបទ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការមេឱ្យមានសង្គតិភាព។
ទី៩. ជំរុញការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចឱ្យបានជាអតិបរមា។
ទី១០. បង្កើនសេវាផ្គត់ផ្គង់ទឹកជនបទដើម្បីឆ្ពោះទៅសម្រេចឱ្យបានតាមគោលដៅ ៩០% នៅឆ្នាំ២០២៣ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣។
ទី១១. បន្តជំរុញការងារសម្អាតនិងអនាម័យជនបទ ពិសេសការងារលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល Open Defecation Free (ODF) នៅខេត្តគោលដៅចំនួន០៥ រួមមាន ស្វាយរៀង កំពង់ស្ពឺ កែប កំពង់ឆ្នាំង និងព្រៃវែង បានទាំងស្រុងនៅឆ្នាំ២០២៣។ រាជធានីនិងខេត្តដទៃ ក៏ត្រូវខិតខំយកចិត្តទុកដាក់លើការងារនេះដែរឱ្យបានសកម្ម ដោយប្រមូលផ្តុំលើការងារអប់រំផ្សព្វផ្សាយ និងការងារសាងសង់បន្ទប់ទឹកនិងបង្គន់អនាម័យ។
ទី១២. រៀបចំស្នើសុំធ្វើវិសោធនកម្ម (១).អនុក្រឹត្យលេខ ៥១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, (២).អនុក្រឹត្យលេខ ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង(៣).អនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង។
ទី១៣. តាក់តែងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍផ្លូវជនបទ និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសស្តីពីការស្ថាបនា ថែទាំ និងជួសជុលផ្លូវជនបទ និងសំណង់សិល្បការ្យ។
ទី១៤. បង្កើនសកម្មភាពសេដ្ឋកិច្ចជនបទ និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើតការងារនិងមុខរបរ សំដៅបន្ថែមប្រាក់ចំណូលដល់គ្រួសារនីមួយៗ និងទប់ស្កាត់ការធ្វើចំណាកស្រុកស្រុកដោយប្រថុយប្រថាន។
ទី១៥. សហប្រតិបត្តិការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីរៀបចំបែបបទនិងវិធីសាស្រ្តនៃការបង្កើតផែនការមេសម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និងការកំណត់អាទិភាពគម្រោង។
ទី១៦. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង
វិស័យឯកជន ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទ ឱ្យមានការរីកចម្រើន។
ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០