ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពីធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥ ត្រូវជាលើកទី១៥ នៅប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី

នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥ ដែលត្រូវជាលើកទី១៥ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០ ១៩ ក្រោមប្រធានបទ ៉​”ភាសាជនជាតិដើមភាគតិច” នៅក្នុងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិ រវាងក្រសួងអភិវឌ្ឍន៍ជន បទ និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ ដោយមានអ្នកចូលរួមសរុប ៦៧០ នាក់ (ស្រី ៣១០នាក់) រួមមានតំណាងរាស្ត្រ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អាជ្ញាធរ ខេត្ត ស្រុក ឃុំ និងបងប្អូនជនជាតិដើមភាគតិចនៅភូមិភាគឥសាន្ត។


បន្ទាប់ពីពិធីសែនព្រេនតាមទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិច មតិស្វាគមន៍របស់ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ការអានរបាយការណ៍ស្តីពី ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់ លោក សុត សឿង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ និងចំណាប់អារម្មណ៍តំណាង NGO-Forum និង UNHCR ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនជនជាតិដើមភាគតិចនៅក្នុងអង្គពិធី ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុក ដាក់ អភិវឌ្ឍប្រទេសជាតិទាំង សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយគោរពនូវសិទ្ធិសេរីភាពខាងជំនឿ ទំនៀមទំលាប់ និងប្រពៃណីរបស់គ្រប់ជនជាតិទាំងអស់ ដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងគោលដៅកសាងសង្គមមួយប្រកបដោយស្ថេរភាព និងភាពសុខដុម។ ជាមួយគ្នានេះ ការអភិរក្ស និងការអភិវឌ្ឍជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការថែរក្សាទំនៀមទំលាប់ ប្រពៃណី ភាសា និងការអភិវឌ្ឍជីវភាពរបស់បងប្អូនជនជាតិដើមទាំងអស់ តួយ៉ាងរាជ រដ្ឋាភិបាលបានបង្កើតគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងឯកសារគតិយុត្តនានា សំដៅការពារផលប្រយោជន៍ និងសិទ្ធិ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិនានាដែលធ្វើសកម្មភាពអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការចូលរួមគាំទ្រ និងអនុវត្តនូវសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ ដែលបានបង្កើតឲ្យមានការបា្ររព្ធទិវាជនជាតិដើមភាគតិចជាផ្លូវការនៅថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំផងដែរ។
ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមរាជរដ្ឋាភិបាល នឹងបន្តគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន អង្គការសហប្រជាជាតិ និងអង្គការដៃគូជាតិ អន្តរជាតិនានា នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងចូលរួមអភិរក្សនូវភាសា វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិចឲ្យបានល្អប្រសើរ និងគង់វង្ស ព្រមទាំងខិតខំជំរុញការងារអភិវឌ្ឍន៍ជនបទ ជូនបងប្អូនជនជាតិដើមភាគតិចឲ្យស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃ រាជរដ្ឋាភិបាល ដែលបានកំណត់។
សូមបញ្ជាក់ថា៖ ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជាមានប្រមាណជាង ១ ភាគរយ នៃប្រជាជនសរុប កំពុងរស់នៅក្នុងខេត្តចំនួន ១៥ ដែលភាគច្រើនរស់នៅខេត្តភូមិភាគឥសាន្តមានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ នៅក្នុងចំណោមជនជាតិដើមភាគតិចទាំងអស់ត្រូវបានរកឃើញថាមាន ២៤ ក្រុមផ្សេងៗគ្នា ដោយផ្អែកលើភាពខុសគ្នាលើ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសា។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៤៦ សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន ៤៥៥។ ដោយឡែកក្រសួងមហាផ្ទៃបានចេញ លិខិតទទួលស្គាល់សហគមន៍ ជនជាតិដើមភាគតិចជានីតិបុគ្គលបានចំនួន ១៣៩ សហគមន៍ ក្នុងនោះសហគមន៍ចំនួន ២៤ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពពីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ រួចហើយ។

Share your thoughts