ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នៅ​រសៀល​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៩០០ នាក់ ។

នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​របាយ​ការ​បូកសរុប​លទ្ធផល​សន្និបាត ដោយបាន​លើកឡើងថា អង្គសន្និបាត បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទេសក៍​ភាព​ដឹកនាំ​រដ្ឋប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​រក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ ស្ថិតក្នុង​បរិយាកាស​សុខដុម​នៃ​សង្គមជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ជោគជ័យ  និង​ទទួលបាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ពី​អង្គសន្និបាត​មាន​ជាអាទិ៍៖ អភិបាលកិច្ច​ល្អ ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ថវិកា​ប្រចាំឆ្នាំ ការប្រើប្រាស់​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រលើ​វិស័យ​អភិវឌ្ឍ​ជនបទ ការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍នានានៅនៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​សុន្ទរកថា​បិទ​សន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា  បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ថ្លែង​នូវ​ការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​បានធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អប្រសើរ ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត សម្រេចបាន​នូវ​ស្នាដៃធំៗជាច្រើន​ក្នុង​ឆ្នាំ ២០១៨  និង​បាន​សម្តែង​គាំទ្រ​ដល់​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងពេល​កន្លងមកនេះ កម្ពុជា​បានសម្រេច​សមិទ្ធផលថ្មីៗជាច្រើន លើ​គ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន តាមរយៈ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​ពិសេស ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ ដែលជា​កុសល​នៃ​គោលនយោបាយ “ឈ្នះ ឈ្នះ” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។  ជាមួយគ្នានេះ ឯកឧត្តម បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​ប្រជាជនម្នាក់ៗបាន​កើន​ជាបន្តបន្ទាប់ ហើយអត្រា​នៃ​ភាពក្រីក្រក៏​ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៍បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី ៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង និង​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ទូទៅ តាមរយៈ​ការអនុវត្ត​គោលនយោបាយ និង​វិធានការ​ជាក់ស្តែង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​បង្កើន​ចំណូល​របស់​ប្រជាជន លើកស្ទួយ​ខាង​សង្គមកិច្ច ពង្រឹង​យុត្តិធម៌ សមធម៌​សង្គម ព្រមទាំង​ផ្តល់នូវ​សេវាសាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ កំណែទម្រង់រដ្ឋបាល និង​ការលើកកម្ពស់​សមត្ថភាព ការអភិវឌ្ឍ​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ គឺ​សុទ្ធតែ​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​រាជរដ្ឋាភិបាល ឲ្យ​សម្រេចបាន​នូវ​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ ជាក់ស្តែង​គឺ​បាន​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​កាត់បន្ថយ​ជាបណ្តើរៗ នូវ​ភាពខុសគ្នា​រវាង​ទីក្រុង និង​ជនបទ។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទបន្តសហការណ៍ជាមួយក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដើម្បីខិតខំអនុវត្ត ១. បន្តធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ២. បន្ត​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឲ្យ​ស្របតាម​ផែនការ ៣.បន្ត​អភិវឌ្ឍន៍​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ ៤. បន្ត​កែទម្រង់រដ្ឋបាល និង​លើក​កម្ពស់​មន្ត្រីរាជការ និង ៥.បន្ត​អភិវឌ្ឍ​តំបន់​ជនជាតិដើម​ភាគតិច​ឲ្យមានភាពល្អប្រសើរ

ជាទី​បញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  បាន​ប្រសិទ្ធពរ ជូន​ឯកឧត្តម លោកជំទាវ តំណាង​ស្ថានទូត ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ អស់លោក លោកស្រី នាង​កញ្ញា​ទាំងអស់ និង​បានប្រកាស​បិទ​សន្និបាត​ជា​ផ្លូវការ ព្រមទាំង​បាន​បំពាក់​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​ផងដែរ ៕

Share your thoughts