សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
January 30, 2019 by adminBunth0

នៅ​ព្រឹក​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំ​ពិធីបើកសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៩០០ នាក់ ។

នៅក្នុង​ពិធី​បើក​សិ​ន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ    ​គណៈអធិបតី និង​អង្គសន្និបាត​ទាំងមូល និង​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អនុវត្ត​យ៉ាងសកម្មនូវ​ “យុទ្ធសាស្រ្ត​ចតុកោណ” ដំណាក់​កាល​ទី ៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ។ ជាលទ្ធផល ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច មានសន្ទុះដ៏លឿន មាន​កំណើនខ្ពស់ រក្សាបាន​នូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​បរិការណ៍អតិផរណាទាប ​អត្រាប្តូរ​ប្រាក់​​​មានស្ថិរភាព និងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជាជនបាន​ឆាប់រហ័សនៅទូទាំងប្រទេស​។  ជាមួយ​គ្នានេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​​ចូលរួម​ចំណែក​យ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់​កម្រិតជីវភាព​រស់​នៅ​របស់ប្រជាជននៅតាមជនបទឲ្យមានភាព​ប្រសើរឡើង​ជាលំដាប់​ ​តាម​រយៈ​ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការ​អភិវឌ្ឍ​ធនធានមនុស្ស ការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសា​ធារ​ណៈ ការលើកកម្ពស់សុខភាព ការអប់រំ លក្ខ​ខណ្ឌនៃការរស់នៅ ការបង្កើតការងារ មុខរបរ សហគ្រិន​ភាព និងសកម្មភាពសេដ្ឋកិច្ចនៅជនបទ​ជា​ច្រើនទៀត​ប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើនរួមមានជាអាទិ៍៖ (១). បានយក​ចិត្ត​ទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក និងអនាម័យជនបទ  (២). ធ្វើឲ្យ​​ប្រសើរ​ឡើងនូវ​បណ្តាញផ្លូវជនបទគ្រប់ប្រភេទ  (៣). ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលស្រុកលើការងារ៖ ថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ, ការងារជួសជុល និងថែទាំប្រព័ន្ធ​ផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ (៤). បង្កើនសន្តិសុខស្បៀងគ្រួសារ (៥). បានពង្រឹង និង​ពង្រីក​ការផ្តល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋជនបទ  (៦). លើក​ស្ទួយ​សមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៧). បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង  និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទ​រាជធានី ខេត្ត (៨). គាំទ្រការរៀបចំ និងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិ (គ.អ.ភ) (៩). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់​ព័ន្ធ​គ្រប់លំដាប់ថ្នាក់ ជាមួយ​ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន ។

ជាមួយសមិទ្ធផលសំខាន់ៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ ២០១៨ ក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវកម្មវិធី​នយោ​បាយ និង​យុទ្ធ​​សាស្រ្តចតុកោណដំណាក់កាលទី​៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដើម្បី​កំណើន​ ការងារ សមធម៌ និង​ប្រសិទ្ធភាព៖ កសាងមូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជាឆ្នាំ​ ២០៥០ បន្ទាប់​ពី​កម្ពុជា​បាន​រៀបចំការបោះឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្រ្ត ប្រកប​ដោយជោគជ័យ កាលពីខែកក្កដា ឆ្នាំ២០១៨ ស្រប​តាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ នៅក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុង​សម្រួច​ទិសដៅជា​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ជនបទរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩ រួមមាន៖ (១) ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស (២) ការស្ថាបនា កសាង និងជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ (៣) ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ និង(៤) ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច។

ជាទី​បញ្ចប់ ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី  បាន​ស្នើសុំ​សមាជិក សមាជិកា​នៃ​អង្គសន្និបាត ឲ្យ​ចូលរួម​ផ្តល់​មតិ​ក្នុង​កម្មវិធី​ពិភាក្សា​ឲ្យ​បាន​ផុលផុស​ទៅតាម​របៀបវារៈ​សន្និបាត ហើយ​ចូលរួម​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​សកម្ម​បន្តទៀត​នូវ​គោលនយោបាយសំខាន់ៗលើ​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ទិសដៅ​ការងារសំខាន់ៗដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ ២០១៩ ឲ្យ​ទៅជា​ចលនា​រួម​ដ៏​ខ្លាំងក្លា សំដៅ​សម្រេច​ឲ្យ​បានជា​ផ្លែផ្កា​បន្តទៀត​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ  និងបានប្រកាស់បើកសន្និបាតជាផ្លូវការ ៕

Scroll Up