សារ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឧិកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០០៩-២០១០ ថ្ងៃ​ទី ០១ ខែ​តុលា ឆ្នាំ ២០០៩
February 28, 2018 by Chhavorn SENG0

របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ក្នុងឧិកាសបើកបវេសនកាលឆ្នាំសិក្សា ២០០៩-២០១០

ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩

    • សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
    • សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
    • លោកគ្រូ អ្នកគ្រូ ក្នួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!

ថ្ងៃទី ០១ ខែតុលា ឆ្នាំ​ ២០០៩ នេះ គឺជាថ្ងៃដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់វិស័យអប់រំនៃព្រះ​រាជា​ណា​ចក្រ​​កម្ពុជាយើង ពីព្រោះជាថ្ងៃបើកទំព័របវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កុលបុត្រកុលធីតាជាទីស្នេហា​នៃយើងទាំង​អស់គ្នា ជាពិសេសជាថ្ងៃដំបូង​នៃជីវិតរៀនសូត្រ​របស់កុមារ​ដែលទើប​ដល់អាយុចូលសាលារៀន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុង​នាម​ខ្ញុំព្រះករុណា​ខ្ញុំ​ផ្ទាល់ សូមចូលរួម​រីករាយ​ជាមួយបងប្អូន​ជន​រួមជាតិ លោកគ្រូ​ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់​នៅគ្រប់​ភូមិសិក្សា ទាំង​សិស្ស​ថ្មី ទាំងសិស្ស​ចាស់​ដែលកំពុង​អបអរសាទរនឹង ទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០០៩-២០១០ នៅ ទូទាំង​ប្រទេស ។ ពិតណាស់ថា ស្នាដៃ និងបទពិសោធន៍ល្អៗកន្លងមក​ បានបន្សល់ទុកជាច្រើន​សម្រាប់​ជា​មេរៀន​ឲ្យ​យើងបន្តអនុវត្តភារកិច្ច​ឆ្នាំសិក្សា​ថ្មីឲ្យបាន​ល្អ សំដៅបំពេញ​បន្ថែម​នូវរាល់ចំណុចខ្វះចន្លោះ​កន្លងមក និង​ពុះពារ​ដោះស្រាយ​នូវរាល់សំណូមពរនានា ដើម្បី​លើកម្ពស់​គុណភាព និងប្រសិទ្ធភាព​អប់រំ​ក្នុង​ដំណាក់កាល​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​បន្តទៀត​ឲ្យស្របតាម​និន្នាការអប់រំ​ក្នុងតំបន់ ក៏ដូចជា​ក្នុងពិភពលោក ។

ឆ្លៀតក្នុង​ឧិកាស​នេះដែរ ខ្ញុំព្រះករុណា​ខ្ញុំសូមសម្តែងនូវ​ការកោត​សរសើរ និងថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ សិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាលសិស្ស គ្រួសារ សហគមន៍ អាជ្ញាធរ​ដែនដី ដៃគូអភិវឌ្ឍន៍នានាដែល​បានបូជា​ទាំងកម្លាំងកាយ​ចិត្ត សម្ភារៈ និងជួយជ្រោមជ្រែងគ្រប់សកម្មភាព​ដោយខិតខំបំពេញ​ការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការកសាង​ និងអភិវឌ្ឍវិស័យអប់រំនៅគ្រប់ភូមិ​សិក្សា​ប្រកបដោយជោគជ័យ​ក្នុងឆ្នាំសិក្សា​កន្លងមក ។ ជាក់ស្តែង​ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា​បានបញ្ជូនសិស្ស និងនិស្សិតទៅចូលរួម​ប្រកួតថ្នាក់អន្តរជាតិនូវមុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា​ជាដើម ហើយទទួល​បាន​មេដាយមាស ប្រាក់ និងសំរិទ្ធដែលជា​មោទនភាព​សម្រាប់កម្ពុជាយើង ។

ទន្ទឹម​នឹងនេះ ថ្ងៃបើក​បវេសនកាល​ឆ្នាំនេះ ប្រារព្ធ​ឡើង​ចំពេល​ដែលប្រទេសជាតិ​យើងទទួលបាន​ជោគជ័យ​ថ្មីៗទៀតនោះ គឺការប្រារព្ធខួប ១ ឆ្នាំ នៃការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារខ្មែរជា​បេតិកភ័ណ្ឌ​ពិភពលោក​កាលពីខែកក្កដា​កន្លងទៅ និងជោគជ័យ​នៃដំណើរ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ប្រកបដោយ​ភាពរលូន និងត្រឹមត្រូវ ។ ម្យ៉ាងទៀត យើងក៏ទើបតែបានបញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌជាបុណ្យ​ប្រពៃណីជាតិដែលប្រជាជនខ្មែរតែងតែប្រារព្ធជារៀងរាល់ឆ្នាំ​នៅតាមវត្តអារាម ដើម្បី​ឧទ្ទិស​កុសលដល់​វិញ្ញាណ​ក្ខន្ធ​ជីដូនជីតាញាតិការទាំង​ប្រាំពីរសន្តានដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ ។

  • ព្រះថេរានុថេរៈគ្រប់ព្រះអង្គ

  • បងប្អូនជនរួមជាតិជាទីស្នេហា!

តាមរយៈសារលិខិតនេះ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា ការអប់រំនៅតែជាអាទិភាពមួយ​ក្នុងចំណោម​អាទិភាពទាំងឡាយ សម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយ​ការសិក្សា​រៀនសូត្រ គឺជា​ការងារមួយគ្មានទីបញ្ចប់ សម្រាប់​ធានា​ការផលិតធនធានមនុស្ស​ប្រកបដោយគុណភាព និងសមត្ថភាព​ខ្ពស់ ស្របតាម​ទស្សនៈ​ថា “ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់​បញ្ហា​សង្គមសេដ្ឋកិច្ច ” ។ ពិតណាស់ បញ្ហា​ប្រឈម​​របស់វិស័យអប់រំ​ដែលត្រូវបន្តដោះស្រាយ​បន្ទាន់​នោះ គឺគុណភាព​អប់រំ​ដោយ​ធានា​ឲ្យ​មានតុល្យភាព​រវាង​ការពង្រឹង​គុណភាព​អប់រំ និងការពង្រីកបរិមាណអប់រំ ។ ការពង្រីកផ្នែកបរិមាណអប់រំ គឺតម្រូវ​ឲ្យមាន​ការបង្កើត​សាលារៀន គ្រូបង្រៀន (ជាពិសេសតំបន់ដាច់​ស្រយាល) និងមូលដ្ឋាន​សម្ភារៈថែមទៀត ដើម្បី​ដោះស្រាយ​ចំពោះ​កំណើន​សិស្ស និស្សិត​ដែលកាន់តែកើនឡើង​បន្តបន្ទាប់​រាល់ឆ្នាំ ស្របពេលដែល​តម្រូវ​ការ​ទីផ្សារ​ពលកម្ម​កំពុង​ទាមទារធនធាន​មនុស្ស​ប្រកបដោយគុណភាព និងប្រសិទ្ធភាពផង​ដែរ ។ ក្នុងស្មារតីនេះ​ហើយ ដែលយើង​ត្រូវប្រើកម្លាំងសរុបរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឲ្យកូនចៅយើងណាម្នាក់​ស្ថិត​នៅ​ក្រៅសេវាអប់រំ ឬជា​មនុស្សដែលគ្មានជំនាញពិតប្រាកដ​នោះឡើយ ។

ជាក់ស្តែង ដើម្បីសម្រេចបាននូវផែនការជាតិអប់រំ​សម្រាប់​ទាំងអស់គ្នា​នៅឆ្នាំ ២០១៥ ព្រមទាំងផែនការ​យុទ្ធសាស្រ្តវិស័យអប់រំ និងការឆ្លើយតប​ទៅនឹង​ការអនុវត្តសិទ្ធិកុមារ ក្រសួងអប់រំ យុវជន និងកីឡាបាន និង​កំពុង​​យកចិត្តទុកដាក់​អនុវត្ត​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​ត្រង់មាត្រា ៦៨ ដែលចែងច្បាស់​ថា “ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំ​យ៉ាងតិច ៩ ឆ្នាំ ” និងច្បាប់ស្តីពីការអប់រំដែលមានគោលដៅ​កំណត់​ពី​វិធានការ និងល័ក្ខខ័ណ្ឌតម្រូវឲ្យថ្នាក់ជាតិ​កសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាព​ដែលធានា​បាននូវ​គោលការណ៍​សេរីភាព​ខាងសិក្សាធិការ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួង​បានចលនា​សហគមន៍​ជាតិ អន្តរជាតិឲ្យ​ចូលរួមជួយ​អភិវឌ្ឍវិស័យអប់រំ ជាពិសេស​ផ្នែកចំណេះទូទៅនៅកម្រិតអប់រំ​មូលដ្ឋាន ។ តាមរយៈនេះ យើងសង្កេតឃើញថា ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយ​កន្លង​ទៅនេះ កុមារដល់​វ័យ​ និង​ក្នុងវ័យ​សិក្សា​បាន​មកចុះឈ្មោះចូលរៀន​ស្រប​តាម​ផែនការ​នៃកម្មវិធី​គាំទ្រ​វិស័យ​អប់រំ ជាពិសេស​ក្នុងឆ្នាំសិក្សា ២០០៨​​​-២០០៩ អត្រាពិតចូលរៀនថ្មីបាន ៩១,៩% លើសឆ្នាំសិក្សា ២០០៧-២០០៨ ប្រមាណ ២,៤% ។

ដោយឡែក ក្នុងឆ្នាំសិក្សា​ថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់​ថែមទៀត ក្នុងការអនុវត្ត​សិទ្ធិ​កុមារ​ឲ្យបានល្អ​ដោយ​ទាក់ទាញ​ឲ្យ​មានការ​ចូលរួម​ពីគ្រប់​អ្នក​ពាក់ព័ន្ធ ពិសេស​មាតាបិតា​អ្នក​អាណាព្យាបាល​សិស្ស​ក្នុងការបង្កើត​បរិស្ថាន​រៀនសូត្ររបស់​សិស្ស​ប្រកបដោយ​ផាសុខភាព ទាំង​ផ្លូវកាយ​ និងផ្លូវចិត្ត ។ ដើម្បី​ធានាបាននូវការចូលរៀនប្រកបដោយសមធម៌ យើងត្រូវផ្តោតទៅ​លើការស្វែងរក និងប្រមូល​កុមារឲ្យបាន​គ្រប់​ទីកន្លែង និងគ្រប់ស្ថានភាព​ ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ។

កន្លងមក ការងារ​អប់រំ​ទាំងក្នុង​ប្រព័ន្ធ និងក្រៅ​ប្រព័ន្ធពិតជា​ចលនាយ៉ាង​ខ្លាំងក្លាមួយនៅ​គ្រប់លំដាប់​ថ្នាក់​ក្នុងទូទាំង​ប្រទេស ។ ជាក់ស្តែងកិច្ចការនេះ​មិនត្រឹមតែបាន​បង្ក​លក្ខណៈ និងផ្តល់​កាលានុវត្តភាព​ឲ្យ​កូនចៅ​យើងបានចូលរៀន និងរៀន​ប្រកប​ដោយគុណភាព​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បាន​ផ្សារភា្ជប់​ការសិក្សា​ទៅនឹង​ចលនា​អក្ខរកម្មវិជ្ជាជីវៈ ស្រប​ទៅតាម​ផែនការ​នៃការអប់រំសម្រាប់ទាំងអស់គ្នាទៀតផង ។ ឆ្លៀតក្នុង​ឧិកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូម​វាយតម្លៃខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍន៍ធន​ធាន​មនុស្ស និងពង្រីកឧិកាស​ដល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេស​មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងការ​ពង្រឹង​គុណភាពប្រកបដោយ​មនសិការវិជ្ជាជីវៈ មានគំនិត​ច្នៃប្រឌិត គោរពវិន័យ និងសចក្តីថ្លៃថ្នូរប្រកបដោយ​មាន​ការទទួល​ខុសត្រូវខ្ពស់ ។

ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បានបញ្ជាក់​រួចមកហើយថា “មានការអប់រំល្អ ទើបមានធនធា​មនុស្ស​ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ “​ ។ ក្នុងន័យនេះ តម្រូវឲ្យគ្រប់គ្រឹះស្ថាន​សិក្សា​ទាំងវិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ត្រូវធានា​តម្លៃ​សញ្ញាបត្រ​របស់ខ្លួន​ឲ្យមានពិត​ប្រាកដ និងត្រូវ​បានទទួលស្គាល់ជាសកល​ដែល​អាចប្រើប្រាស់​បាន​នៅលើទីផ្សារ​ពលកម្មក្នុងប្រទេស និង​ក្នុងតំបន់ ។

ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡាត្រូវនាំមុខគេ​ក្នុងការ​កសាង និងអភិវឌ្ឍធនធាន​មនុស្ស​ប្រកប​ដោយគុណភាព ស្រប​ទៅ​តាម​គោលដៅ​នៃការអប់រំ គឺអប់រំឲ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ” និងស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឲ្យមាន “ចំណេះ​ដឹង ចំណេះធ្វើ សីលធម៌ល្អ និងឲ្យចេះ​រួមរស់ជាមួយគ្នា​ប្រកបដោយ​សុខដុមរមនា ” ។

  • ព្រះថេរានុថេរៈគ្រប់ព្រះអង្គ

  • បងប្អូនជនរួមជាតិជាទីស្នេហា!

ក្នុងឧិកាសនៃបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះដែរ ខ្ញុំព្រះករុណាខ្ញុំសូមរំលឹក​ឡើងវិញនូវ ទិវាគ្រូ​បង្រៀន ថ្ងៃទី ៥ ខែតុលា ដែលនឹងឈានមកដល់​ក្នុងពេលឆាប់ៗ ខាងមុខនេះ ពីព្រោះថា “គ្រូបង្រៀន គឺជា ឪពុក មា្តយ​ទី ២ របស់សិស្ស ” ហើយសិស្សទាំងអស់​ គ្រប់វ័យ មិនថា​គ្រហស្ថ ឬ​បុព្វជិត គប្បីប្រកាន់ខ្ជាប់នូវ កតញ្ញុតាធម៌ តាមរយៈការតបស្នងសងគុណដោយប្រការផ្សេងៗ ដែលជាប្រពៃណីល្អមានតាំងពីយូរណាស់ មកហើយ ។ ទិវាគ្រូបង្រៀន ដែលខ្ញុំព្រះករុណខ្ញុំបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ មានគោល បំណងបំផុស​ឡើង​វិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបក្ការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀន​នៅទូទាំង​ប្រទេស ដែល​បាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផង ក្នុងការបណ្តុះបណ្តាល​ធនធាន​មនុស្សសម្រាប់​ការការពារ កសាង និងការអភិវឌ្ឍ​មាតុភូមិលើគ្រប់វិស័យ ។ ខ្ញុំព្រះករុណាខ្ញុំសូមឧទ្ទិសឲ្យ ទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលានេះ ក្លាយទៅជា ទិវាដឹងគុណគ្រូ ដែលស្ថិត​នៅជា​អមតៈ​ក្នុង​បេះដូង​របស់​សិស្ស​​គ្រប់​វ័យ គ្រប់ជំនាន់ និងគ្រប់សម័យកាល ។

ឆ្លៀត​ក្នុង​ឧិកាស​នេះដែរ ខ្ញុំព្រះករុណាខ្ញុំសូម​ផ្តាំទៅ​ក្មួយ​សិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់​ថា បើស្រឡាញ់​ខ្លួន និងស្រឡាញ់​ឪពុកម្តាយ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវមានការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង ចំពោះមិត្តភក្តិ និងត្រូវចេះណែនាំគ្នាទៅវិញទៅមកអំពីគ្រោះថ្នាក់ នៃការប្រើគ្រឿងញៀន និងត្រូវ​បដិសេធន៍ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ។ ទន្ទឹមនឹងនេះ ចូរក្មួយៗប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ក៏ដូចជារក្សា​បាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិ 

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណព្រះគុណ អរគុណសាជាថ្មីម្តងទៀត ចំពោះព្រះ​តេជ​គុណ ព្រះថេរានុថេរៈ​គ្រប់ព្រះអង្គ ចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ក្នួយៗសិស្សា​នុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អង្គការអន្តរជាតិ អង្គការមិនមែន​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានរួមចំណែក​ស្តារ កសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកប​ដោយជោគជ័យក្នុងរយៈកាលកន្លងមក និងសូមបន្តការជួយឧបត្ថម្ភ និងកិច្ច​សហការនេះ​ត​ទៅមុខទៀត ដើម្បី​បុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ។

សូមឲ្យឆ្នាំសិក្សាថ្មី ២០០៩-២០១០ នេះនាំមកនូវសំណាងល្អ និងជ័យជំនះថ្មីដល់សិស្ស និស្សិតគ្រូ​បង្រៀន​ទាំងអស់​គ្រប់ភូមិ​សិក្សា​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា ។

សូមអរព្រះគុណ និងសូមអរគុណ

រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩

នាយករដ្ឋមន្រ្តី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន

Scroll Up