សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍ របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុងពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ
February 28, 2018 by Chhavorn SENG0

សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍ របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុងពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រោម​ធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​​​​នៃព្រះរាជាណាចក្រ​កម្ពុជា

នាសាលសន្និសីទចតុមុខ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០

– ខ្ញុំ​បាទ​សូមសំដែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
– សូមគោរពឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​សមាជិក​ សមាជិកា​រាជរដ្ឋាភិបាល​
– ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ តំណាង​អង្គទូត
– ឯកឧត្តម​ប្រធានក្រុមប្រឹក្សា ឯកឧត្តម​អភិបាលនៃគណៈអភិបាល​រាជធានី ខេត្ត
– ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងអង្គការអន្តរជាតិ អង្គការ​មិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍
– អង្គសន្និបាតទាំងមូល ជាទីមេត្រី

ជាបឋម ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំសូមសំដែង​នូវ​គារវកិច្ច​ដ៏ខ្ពង់ខ្ពស់ និង​កក់​ក្តៅ​​បំផុត ជាមួយនិងមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ចំពោះ សម្តេច​អគ្គមហា​សេ​នា​បតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​ផ្តល់​កិត្តិយស អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១០ និងទិសដៅ​ការងារឆ្នាំ ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទនាថ្ងៃនេះ ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ នាថ្ងៃនេះ មិនត្រឹមតែបានផ្តល់​នូវ​មហា​កិត្តិយស​ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់​នៃក្រសួង​អភិវឌ្ឍន៍​ជនបទប៉ុណ្ណោះទេ តែថែមទាំងបាន​បញ្ជាក់​ឲ្យឃើញ​ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេច ដែល​តែង​តែបាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងមកលើវិស័យអភិ​វឌ្ឍន៍​​ជនបទនៅកម្ពុជា ។ យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​សំដែង​​នូវ​ការអបអរសាទរ​ជាពិសេស ក្នុង​ឧិកាស​ដែល សម្តេច ទទួល​បាន​ចៅស្រីនាពេល​ថ្មីៗ​នេះ ។

ពិធីបិទសន្និបាត​បូក​សរុប​​ការងារឆ្នាំ ២០១០ និងទិសដៅការងារឆ្នាំ ២០១១ របស់យើង​នាថ្ងៃ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ចំពេល​ដែលកម្ពុជាកំពុង​ស្ថិត​នៅក្នុង​សន្តិភាព​ពេញបរិបូរណ៍ ហើយ​​ប្រជាពលរដ្ឋ​ និង​​ប្រជាជាតិកម្ពុជាទាំងមូល កំពុង​តែសប្បាយរីករាយទទួល​បាន​នូ​វ​មនុញ្ញផលដ៏ថ្លែថ្លា​នៃ​សន្តិភាព​នេះ។ ចាប់ផ្តើមពីបេសកកម្មដ៏លំបាក នៃការតស៊ូរំដោះជាតិពីរបបប្រល័យពូជ​សាសន៍ សម្តេចតេជោ បានដឹកនាំការកសាង​មាតុភូមិឡើងវិញ​ពីបាទដៃទទេ ពីគំនរផេះផង់ នៅ​ក្នុងបរិបទ​នៃសង្គ្រាម​ស៊ីវិល ព្រមទាំង​ទទួលរង​នូវ​ការ​​កៀប​សង្កត់ទាំងផ្នែកសេដ្ឋកិច្ច និង​នយោបាយពីមជ្ឈដ្ឋាន​ខាងក្រៅ។​ លើស​ពីនោះ សម្តេច​ ​បានធ្វើឲ្យរលំរលាយនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និង​បានឈាន​មុខគេ​ក្នុង​ដំណាក់កាលចរចារដ៏លំបាក​ ដើម្បី​​ស្វែងរកសន្តិភាពជូនកម្ពុជា ដោយបានលះបង់​សេចក្តីសុខផ្ទាល់​ខ្លួន និងគ្រួសារ យកជីវិត​ធ្វើជាដើមទុន ​រិះរកគ្រប់​មធ្យោបាយ ធ្វើឲ្យមានការឯកភាព​ជាតិ និងទឹកដីក្រោមនយោបាយឈ្នះ ឈ្នះ។ ​ជោគជ័យផ្ទួនៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុង​ការ​បោះឆ្នោត​សាកលកន្លងមកជាបន្តបន្ទាប់ បាន​បើក​ទំព័រ​ប្រវត្តិសាស្រ្តថ្មីមួយសម្រាប់​កម្ពុជា​ ក្នុង​សន្តិភាព ហើយបានប្រមែ​ប្រមូល​ឡើងវិញពីការបែកបាក់ នូវ​ធនធានមនុស្ស​ និងបញ្ញាញាណពីគ្រប់​ស្រទាប់​វណ្ណៈ គ្រប់​មជ្ឈដ្ឋាន និងគ្រប់​មនោគមន៍វិជ្ជា ​រួបរួមគ្នាជាកម្លាំងក្រោម​ការ​ដឹកនាំដ៏ប៉ិនប្រសប់​របស់ សម្តេច​តេជោ ធ្វើដំណើរឆ្ពោះ​ទៅ​រកការអភិវឌ្ឍ ។

ជាសត្យានុម័ត គ្មាន​ការអភិវឌ្ឍណា​ដែលធ្វើ​ទៅបាន​ ដោយគ្មានសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈនោះទេ។ ទាំងអស់នេះជាកត្តាគន្លឹះ ដែលផ្តល់​នូវ​ភាព​​អនុគ្រោះ​ដល់ភាពរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ស្របតាម​កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ២ របស់រាជរដ្ឋាភិបាល​កម្ពុជា ។ ការដាក់​ចេញ​នូវ​គោលការណ៍​កសាងភូមិ ឃុំ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ និងជំរុញ​ចលនា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​គ្រប់មូលដ្ឋាន ទូទាំង​ព្រះរាជា​ណាចក្រកម្ពុជា ដើម្បី​បង្ក​ភាព​អនុគ្រោះ​ដល់ដំណើរការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងឈានទៅ​បង្កើន​ល្បឿននៃកាត់បន្ថយភាព​ក្រីក្រ​ ។
ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំរដ្ឋ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងបញ្ញាញាណដ៏ភ្លឺស្វាង សម្តេច​អគ្គ​មហា​សេនាបតីតេជោ នាយករដ្ឋមន្រ្តី បានបង្ហាញនូវភាពប៉ិនប្រសប់ ​ ក្នុង​នាម​ជា​ស្ថាបត្យករ​ដ៏ឆ្នើម និងជាវីរៈកុលបុត្រមួយរូប ក្នុងការលើកទិសដៅគោលនយោបាយជាយុទ្ធសាស្រ្ត និងការ​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដ៏វែងឆ្ងាយ និងត្រឹមត្រូវមិនដែលខុសឆ្គង ​ប្រកប​ដោយភាព​ប្រាកដ​និយម និង​ម៉ឺងម៉ាត់ សម្រាប់ដឹកនាំ និងចង្អុល​ផ្លូវយើង​ទាំង​អស់​គ្នា ក្នុង​ការអភិវឌ្ឍប្រទេសជាតិ ។ ចក្ខុវិស័យ និង​គោលនយោបាយ​ទាំងនេះ បាន និងកំពុង​ធ្វើឲ្យតំបន់ជនបទ មានការប្រែមុខ​មាត់​ថ្មីក្នុង​ក្តីសង្ឃឹម គឺ​ប្រជាជនបានទទួលនូវសមិទ្ធផលជាច្រើន មានជាអាទិ៍ បណ្តាញ​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ស្ពាន សាលារៀនតាំងពីមត្តេយ្យ រហូតដល់ឧត្តមសិក្សា មន្ទីរពេទ្យ ព្រះវិហារ ផ្សារ​ វារីអគ្គិសនី ស្រះទឹក ប្រឡាយ អណ្តូងទឹក អាងស្តុកទឹក បង្គន់អនាម័យ​សាធារណៈ និងឯកជន អគារ​ស្នាក់នៅ និង​មធ្យោបាយបង្កបង្កើនផល ។ល។ កំពុងនាំមកនូវកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ជូន​ដល់​ប្រជាជនគ្រប់ស្រទាប់នៅទូទាំងប្រទេស ពិសេសតំបន់​ជន​បទ។ លទ្ធផល​គួរជាទីមោទនទាំងនេះ ធ្វើ​ឲ្យកិត្យានុភាព​ជាតិនៅលើឆាកអន្តរជាតិត្រូវបានលើកតម្កើង ជាក់ស្តែង​កម្ពុជា​បាន​ទទួលធ្វើ​ជាម្ចាស់ផ្ទះ នៃកិច្ច​ប្រជុំអាស៊ាន កិច្ច​ប្រជុំ​ថ្នាក់តំបន់ និងថ្នាក់​ពិភពលោកសំខាន់​ៗ​ជាច្រើន ព្រមទាំង​បានទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ថ្នាក់ដឹកនាំ​កំពូលៗនៃបណ្តា​ប្រទេស​ជាមិត្ត​ជាច្រើនទៀតផង។

ទោះបី​ប៉ុន្មាន​ឆ្នាំ​កន្លង កម្ពុជា​ក៏ដូច​ជាបណ្តា​ប្រទេស​ដទៃទៀត​លើសាកលលោក បានប្រឈម​មុខ​​នឹង​វិបត្តិកលិយុគហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចសកល​ រាជរដ្ឋាភិបាល បានដាក់ចេញយ៉ាងទាន់ពេល និង​បានដឹកនាំ​អនុវត្ត​ប្រកបដោយប្រសិទ្ធភាព​នូវ​វិធានការ​គោល​នយោបាយ​​​គន្លឹះទាំងឡាយ ដើម្បី​ទប់​ទល់ និង​សម្រាល​នូវ​​​បច្ច័យអាក្រក់ នៃវិបត្តិនេះមកលើ​សេដ្ឋកិច្ច​​ជាតិ និងជីវភាព​របស់​ប្រជាជន។ ជា​លទ្ធផល កម្ពុជាអាច​ធានា​រក្សា​បានយ៉ាងគត់មត់​ នូវស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច និងស្ថិរភាព​សង្គម ដោយ​ធានា​រក្សាបាននូវលំនឹង​ជីវភាព​​រស់​នៅ​​​​របស់​ប្រជាជនទូទាំង​ប្រទេស ។
នៅឆ្នាំ ២០១០ នេះ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសកម្មដោយបានខិតខំបំពេញតួនាទី ក្នុងនាមជាអ្នក​ផ្តល់សេវាយ៉ាងខ្ជាប់ខ្ជួន សំដៅកែលម្អស្ថានភាព​រស់នៅរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើង ដោយ​ សម្រេចបាននូវសមិទ្ធផលជាច្រើន​ តាម​រយៈ​​ការកសាង ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែល​រួមមានផ្លូវថ្នល់ ស្ពាន លូ ប្រឡាយទឹក ទំនប់ទឹក អណ្តូងទឹក ស្រះទឹក មណ្ឌលសុខភាព សាលា​រៀន ផ្សារជនបទ ដែលបម្រើឲ្យជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋដោយផ្ទាល់ ។ គណៈកម្មការ​អភិវឌ្ឍន៍​​​ភូមិ (គ.អ.ភ) បានបំពេញភារកិច្ច​យ៉ាង​សំខាន់ សម្រាប់ជួយជំរុញការអភិវឌ្ឍតាមបែប​ប្រជាធិប​តេយ្យ​​​​​​​នៅ​ថ្នាក់ក្រោមជាតិ ដែលជាការ​អភិវឌ្ឍ​មានលក្ខណៈចម្រុះពហុវិស័យ សំដៅលើក​កម្ពស់​កម្រិតជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ ឲ្យ​កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈាន​ទៅលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេស។
នាឱកាសដ៏វិសេសវិសាលបំផុតនេះ ខ្ញុំបាទមានកិត្តិយសសូម​អនុញ្ញាត​គោរពជម្រាប​ជូន សម្តេច​តេ​ជោ ​​នាយករដ្ឋមន្រ្តី មេត្តាជ្រាបអំពីដំណើរការ និងលទ្ធផលនៃអង្គសន្និបាតដូចតទៅ៖

សន្និបាតបានដំណើរការរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ។ សន្និបាត​​​មាន​​កិត្តិយស ដោយមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង អាជ្ញាធរ​ដែនដី រាជធានី ខេត្ត តំណាងស្ថាប័ន​ពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ តំណាង​អង្គការ​ជាតិ អន្តរជាតិ អង្គការមិនមែន​រដ្ឋាភិបាល និងមន្រ្តីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ សរុប​ប្រមាណ​ជាង ៧០០ នាក់អញ្ជើញ​ចូលរួម ។
បន្ទាប់ពីបានស្តាប់សុន្ទរកថាស្វាគមន៍របស់ខ្ញុំ សុន្ទរកថាបើកអង្គ​សន្និបាត​ថ្លែងដោយឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យកសិកម្ម និងជនបទ​ និង​របាយការណ៍​បូកសរុបការងារឆ្នាំ ២០១០ និងទិសដៅការងារឆ្នាំ ២០១១ អាន​ដោយឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀល​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ និង​​ព្រឹក​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ អង្គសន្និបាត បានតាមដានស្តាប់បទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ​ចំនួន ៥ គឺ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ៖
ការងារស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវជនបទ ស្ពាន សាលារៀន មណ្ឌល​សុខភាព ផ្សារជនបទ ដែលត្រូវបានរាជរដ្ឋា​ភិបាល​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ។ ក្នុងឆ្នាំ ២០១០ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចជួសជុលផ្លូវ​ក្រួស​ក្រហមបាន ៣៤ ខ្សែ ប្រវែង ២៩២,០៩ គម។ សាងសង់ផ្លូវក្រាលកៅស៊ូ DBST បាន ១០,៦០ គម កែលម្អផ្លូវក្រួស​ក្រហម​ជាកៅស៊ូ DBST បានប្រវែង ១២០០ ម។ ថែទាំខួបបាន ៦៧ ខ្សែ ប្រវែង ៦៤២,៤៥ គម និងថែទាំប្រចាំបាន ៤៩ ខ្សែ ប្រវែង ៥២៤,៤៧ គម ។ សាងសង់​ស្ពានបេតុងបានចំនួន ២៤ កន្លែង ប្រវែង ៧៨០ ម ស្ពានបេឡេត៍ ចំនួន ៧ កន្លែង ប្រវែង ១០៨ ម ជួសជុលស្ពានបេឡេត៍​ចាស់ ០៣ កន្លែង។ សាងសង់ទំនប់បង្ហៀរ បានចំនួន ០១ កន្លែង ប្រវែង ៤០ ម។ សាងសង់លូមូល​ចំនួន ២៦៨ កន្លែង លូប្រអប់បានចំនួន ២១ កន្លែង។ រៀបចំ​ថ្ម​ក្រាល​ជើង​ទេរ​ជុំវិញ​អាងទឹកប្រវែង ១២០០ ម។ សាងសង់ទំនប់បង្ហៀរមួយកន្លែងប្រវែង ៤០ ម សាងសង់បង្គោលសុវត្ថិភាព ០៣ កន្លែង និងជួសជុល​ពង្រឹងស្លាបលូ ០៩ កន្លែង។

២-ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ៖
ឆ្នាំ​​ ២០១០ នេះ ក្រសួងបានកសាង និងជួសជុលប្រភពទឹកស្អាត​សម្រាប់បរិភោគដោយថវិកា​រដ្ឋ រួម​មាន សង់អណ្តូងលូបានចំនួន ២២១​ អណ្តូង ជួសជុលអណ្តូងលូចំនួន ៣៤២ អណ្តូង អណ្តូង​ស្នប់សង់ថ្មីបានចំនួន​ ៣ ២៨៨ អណ្តូង អណ្តូង​ចំរុះសាងសង់បាន ចំនួន ១ ០៨៧ អណ្តូង ជួសជុល​អណ្តូងស្នប់បានចំនួន ១ ១០៤ អណ្តូង ជីកស្រះទឹករួមបានចំនួន ៦១ ស្រះ ធ្វើ​អាង​ទឹក​បេតុង​បាន​ចំនួន ១ ២១៩ អាង សាងសង់ធុង​ចម្រោះទឹក ២ ១១០ ធុង សាង​សង់​ប្រព័ន្ធ​ចែក​ចាយ​ទឹក​តាម​ទុយោ ៦ និងសាងសង់អាងចម្រោះជាតិដែក ២១៤ អាង។
ការងារធ្វើប្រព័ន្ធស្រោចស្រពដំណាំកសិកម្ម ពិសេសដំណាំស្រូវ សាងសង់ប្រឡាយស្រោច​ស្រព​បាន​ចំនួន ០៤ ខ្សែ ប្រវែង ១៥០០ ម ជួសជុលប្រឡាយស្រោចស្រពបាន ១២ ខ្សែ ប្រវែង ៣៩៤៨ ម ស្តារ​ប្រឡាយ​បាន ២ ប្រព័ន្ធ ជួសជុលទំនប់បាន ៩០ម សាងសង់ទ្វារទឹកបាន ៨ កន្លែង។
ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំជំរុញលើកកម្ពស់​សុខភាពអនាម័យនៅតាមសហគមន៍​ជនបទ​​ តាមរយៈការអប់រំផ្សព្វផ្សាយ និងជំរុញឲ្យមាន​ការ​ផ្លាស់ប្ដូរ​ទម្លាប់ និងផ្នត់គំនិត​នៃ​ការ​រស់​នៅ​គ្មាន​អនាម័យ ដោយ​បានដើរ​តួនាទី​ជាអ្នក​សម្រប​សម្រួល​​ផង ជាអ្នកប្រតិបត្តិ​ផ្ទាល់ផង ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាមសហគមន៍ជនបទ និងជា​មួយ​ដៃគូ​អភិវឌ្ឍន៍ផ្សេងៗទៀត។

៣-កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព៖
ឆ្នាំ ២០១០ នេះ ក្រសួងបានធ្វើជំរឿនមន្រ្តីរាជការនៅថ្នាក់ក្រសួង ៥១៩ នាក់ អវត្តមាន​ពេល​ជំរឿន ២៩ នាក់ ។ បាន​ប្រកាស​លុប​ឈ្មោះ​មន្រ្តីចេញពីក្របខ័ណ្ឌចំនួន ១៦៤ នាក់។ ក្នុងឆ្នាំ ២០១០ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការបណ្តុះបណ្តាលទាំង​មន្ត្រី​រាជការ រហូត​ដល់​ប្រជាពលរដ្ឋនៅតាមជនបទ ដែលមានសិក្ខាកាមចូលរួមសរុប​ចំនួន ២២៤៨ នាក់ ក្នុងនោះ​ការ​បណ្តុះបណ្តាលវគ្គខ្លីមាន​ចំនួន ២១១​វគ្គ សិក្ខា​កាម​​ចូល​រួមចំនួន​ ១១៤២ នាក់ សិក្ខាសាលា​មានចំនួន ២៤៩ លើក មានសិក្ខាកាម​ចូល​រួម​​ចំនួន ១០៧៤ នាក់​ និងទស្សនកិច្ចសិក្សាមានចំនួន ០៨ លើក សិក្ខាកាមចូលរួម​ចំនួន​ ៣២​ នាក់។ ការបណ្តុះបណ្តាលក្រៅប្រទេសមានចំនួន ៧៥ នាក់ និង​ទស្សនកិច្ច​សិក្សាមាន ០៤ វគ្គ សិក្ខាកាមចូល​រួម​​ចំនួន ០៩ នាក់​​ ។
បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានដល់ប្រជាពលរដ្ឋ នៅក្នុងមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​​​​ជំនាញ​មូលដ្ឋាន ក្នុងខេត្តស្វាយរៀងចំនួន ០៧ ជំនាញ និងខេត្តព្រៃវែង ចំនួន ០៧ ជំនាញ ខេត្ត​កំពង់ស្ពឺ ០៤ ជំនាញ ខេត្តតាកែវ ០៤ ជំនាញ សរុបចំនួន ១០៥៤ នាក់ ស្ត្រី ៤១២ នាក់ ​។

៤-ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចជនបទ៖
ក្រសួងបានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដោយ​ធ្វើ​ការ​​បណ្តុះ​បណ្តាល​គ្រូបង្គោលដល់មន្រ្តីថ្នាក់ខេត្ត-ស្រុកចំនួន ១៦ ខេត្ត បណ្តុះបណ្តាលគណៈកម្មការ​អភិវឌ្ឍន៍ភូមិ (គ.អ.ភ)ក្នុងខេត្ត​គោលដៅចំនួន ២១ ខេត្ត។ យើងបានធ្វើការស្តារប្រឡាយ ជួសជុលផ្លូវ​ក្នុងភូមិ ជីក​ស្រះ ផ្តល់​ពូជត្រី ពូជជ្រូក មាន់ និងផ្តល់កូនឈើហូបផ្លែ ពូជពោតក្រហម។ បានបើកវគ្គ​អក្ខរកម្ម បណ្តុះ​បណ្តាល​គ្រូបង្គោលថ្នាក់ខេត្ត-ស្រុក ស្តីពីសញ្ញាណសន្តិសុខស្បៀង សួនដំណាំគ្រួសារ របៀប​ធ្វើ​ជីកំប៉ុស្ត និង​ហ្វឹក​ហ្វឺន​​បច្ចេកទេស​សាង​សង់​ឡ​ជីវ​ឧស្ម័ន។
ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអនុវត្តផ្ទាល់ និងសហការជាមួយ​ដៃគូ ជា​មួយ​អង្គការនានា ក្នុងការផ្តល់ឥណទានជនបទ សរុបបានចំនួន ៥ ៣១៩ ១៥០ ០០០រៀល ស្មើនឹង ១ ៣២៩ ៧៨៨ ដុល្លារ មានអ្នកខ្ចីចំនួន ៩ ០៦៤នាក់ នៅខេត្តកំពង់ចាម បាត់ដំបង តាកែវ កំពត ពោធិសាត់ សៀមរាប និងខេត្តកោះកុង។

៥-កម្មវិធីអភិវឌ្ឍន៍តាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ២០១០ នេះ គណៈកម្មការ​អន្តរក្រសួងបានរៀបចំប្រជុំគណៈកម្មការ​អន្តរក្រសួង​​​ចំនួន ០៣ លើក និងបាន​រៀបចំផែនការការងារឆ្ពោះទៅ​គោលដៅ​ទី ២របស់ខ្លួននៅ​ភូមិសាស្រ្ត​​​ខេត្ត​ឧត្តរមានជ័យ។

ចំពោះគោលដៅទី ១ នៅខេត្តព្រះវិហារគណៈកម្មការ​អន្តរក្រសួងបាន៖

– បន្ត​លើក​ផ្ទះ​បានសរុបចំនួន ៩៥៩ ខ្នង ស្មើនឹង ៩៥% នៃផែនការសរុប ១០០៩ ខ្នង។
– ជីកអណ្តូង​បាន ៤០ ស្មើ ១០០% នៃផែនការ ជូនភូមិទាំង ០៩ ។
– មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសម្របសម្រួលប្រតិបត្តិការ​​​បោស​សម្អាតមីន និង​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ នៅក្នុងភូមិ​គោលដៅ​​​ទាំង ០៩ នៃខេត្តព្រះវិហារ ។
– ចុះទៅចែកពូជបន្លែ និងដំណាំដល់គ្រួសារយោធិន និងនគរបាលនៅស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ ។
– ចុះសួរសុខទុក្ខ និងនាំយកពូជមាន់ ទា ចំណីសត្វ និងនំចំណីមួយចំនួន ជូនគ្រួសារយោធិន និងនគរបាលចំនួន ១០០៩ គ្រួសារ នៅ​ភូមិសែនរុងរឿង ៥ ។
– អគារសិក្សាចំនួន ៨ ខ្នង របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានសាងសង់រួចរាល់​ជាស្ថាពរ និងសិស្សចាប់ផ្តើមចូលរៀន។
– ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំសាងសង់អគារសិក្សាចំនួន ០៤ ខ្នង បន្ថែម។
– ក្រសួងសុខាភិបាល​ ​បានសាងសង់មណ្ឌលសុខភាពចំនួន ០៤ ខ្នង បាន ៩៥%។
– ក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សាកំណត់ទីតាំងត្រូវធ្វើអាងទឹកសម្រាប់​​​ប​ម្រើ​ជីវភាព និងបង្កបង្កើនផល។

ចំពោះគោលដៅទី ២ នៅខេត្តឧត្តរមានជ័យ គណៈកម្មការអន្តរក្រសួងបាន៖
– ចុះសិក្សា និងកំណត់​ទីតាំង​សម្រាប់​បង្កើត​ និងអភិវឌ្ឍភូមិថ្មីចំនួន​ ១៥ កន្លែង ក្នុង​ខេត្ត​ឧត្តរមានជ័យ ។
– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសហការរៀបចំ​សេចក្តី​ព្រាងអនុក្រឹត្យបង្កើតភូមិចំនួន ១៥ នៅខេត្តឧត្តរមានជ័យ។

– ​រាជរដ្ឋា​ភិបាលបានចេញ​អនុក្រឹត្យ​បង្កើតភូមិ​ទាំង ១៥ ជាផ្លូវការ គឺ (១)ភូមិ សែន​មនោរម្យ​១ (២)ភូមិសែនមនោរម្យ២ (៣) ភូមិតេជោថ្មដូន (៤) ភូមិត្រពាំងម្អមសែនជ័យ (៥) ភូមិ​សំរោងសែនជ័យ​១ (៦) ភូមិសំរោងសែនជ័យ២​ (៧)​​​ ភូមិទួល​ស្វាយ​សែន​ជ័យ (៨) ភូមិ​ប្រាសាទ​​​​ក្រហមសែនជ័យ (៩) ភូមិតាមាន់សែនជ័យ (១០) ភូមិ​តេជោ​​​​ជប់គគីរ (១១) ភូមិ​ច័ន្ទ​​ក្រហមសែនជ័យ (១២) ភូមិតេជោអូរដា (១៣) ភូមិហាលៀមសែនជ័យ (១៤) ភូមិ​រំដួល​​សែន​ជ័យ​ និង (១៥) ភូមិពពេលសែនជ័យ ។

– បាន​រៀបចំ​ផែនការបែងចែក និងប្រើប្រាស់ដីធ្លី​ និងផែនការអភិវឌ្ឍន៍ចំរុះ សម្រាប់​ភូមិ​ទាំង ១៥ ។
– ចាក់ជើងតាងសរសរផ្ទះបានចំនួន ៥ ៤០០ ស្មើនឹង ៥៥% និងបានលើកផ្ទះគំរូបានចំនួន ៥ ខ្នង។
– មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសំអាត​មីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​បានចំនួន ៣១ ៨៧៥ ម២ ស្មើនឹង ២៦% នៃ​ផែនការ​ និង​បើកផ្លូវ​សុវត្ថិភាព​ចំនួន ៣ ០៧០ ម បោះផ្លាក​សញ្ញាសំគាល់​មីនចំនួន ១១ ៩៦១ម ។
– រដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកំណត់ទីតាំងព្រៃ​សម្រាប់យកឈើផ្គត់ផ្គង់ការសាងសង់ផ្ទះ។
– ក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សាកំណត់ទីតាំងត្រូវធ្វើអាងទឹកសម្រាប់​បម្រើ​ជីវភាព និងបង្កបង្កើនផល។

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់
អង្គសន្និបាត ជាទីមេត្រី

លទ្ធផលជាវិជ្ជមានទាំងឡាយខាងលើនេះ គឺបានមកពី​មគ្គុទ្ទេសក៍ភាពដ៏ឆ្នើមរបស់ សម្តេច តេជោ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ ឧបត្ថម្ភ​គាំទ្រ​ដោយផ្ទាល់ទាំងស្មារតី និងសំភារៈ និងកៀរគរជំនួយ​ពីបរទេស ដើម្បីជួយក្រសួងអភិវឌ្ឍន៍ជនបទ មាន​លទ្ធភាព​កាន់តែច្រើនជាងមុន ក្នុងការរួមចំណែក​អភិវឌ្ឍន៍ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ឆ្លើយតបចំពោះ​គុណូបការៈ​ដ៏​ធំធេង​នេះ យើងខ្ញុំទាំងអស់​គ្នា​ សូមសំដែងនូវឆន្ទៈប្តូរផ្តាច់ និង​គាំ​ទ្រ​សូម​ឲ្យ សម្តេច​ តេជោ​ បាន​បន្ត​ស្ថិត​នៅជា​អគ្គមគ្គុទេស​ក៍ដឹកនាំ​ព្រះរាជា​​ណា​ចក្រកម្ពុជា ក្នុងអាណត្តិទី ៥ នៃនីតិកាល​រដ្ឋសភា និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត ។

ក្នុង​ឧិកាសដែល​បុណ្យរំលឹកខួប​អនុស្សាវរីយ៍លើកទី ៣២ នៃទិវាជ័យជំនះ ៧ មករា កំពុង​តែឈាន​​ចូល​មកដល់​នៅពេលប៉ុន្មាន​ថ្ងៃខាងមុខនេះ ​ខ្ញុំសូមការអនុញ្ញាតពី សម្តេច ដើម្បី​បានថ្លែង​ក្នុង​នាម​សមាជិក សមាជិកានៃអង្គ​សន្និបាត គោរពជូនពរសិរីសួស្តីដល់ខួបអាពាហ៍ពិពាហ៍លើកទី ៣៥ របស់ សម្តេចតេជោ និង​ លោកជំទាវ​ ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍​នានា អាជ្ញាធរ​ដែនដី និងប្រជាពលរដ្ឋគ្រប់​មូលដ្ឋាន ដែលបានបន្តកិច្ចសហ​ប្រតិ​បត្តិការ និង​ការ​គាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ខ្ញុំសូមឆ្លៀតឱកាសដ៏មហាប្រសើរនេះ ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះ​គណៈ​កម្មការ អនុគណៈ​កម្មការរៀបចំសន្និបាត ព្រមទាំងសមាជិក សមាជិកា នៃ​អង្គ​សន្និបាត ដែល​បាន​​បញ្ចេញ​អស់​កម្លាំង​កាយចិត្ត និង​បញ្ញាស្មារតី ចូលរួមគ្រប់សកម្មភាពរបស់​សន្និបាត​ក្នុងរយៈពេល ២ ថ្ងៃ ប្រកប​ដោយ​លទ្ធផល​​ល្អប្រសើរ ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈ​កម្មា​ធិការ​រៀបចំបុណ្យជាតិ អន្តរជាតិ ឯកឧត្តម​​អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ អង្គភាពកង​អង្គរក្សសម្តេចតេជោ ស្នង​ការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ ដែល​បាន​ជួយជ្រោមជ្រែង និងធ្វើឲ្យដំណើរការអង្គសន្និបាត​ប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមជូនពរ សម្តេចអគ្គមហា​សេនា​បតីតេជោ នាយករដ្ឋ​មន្រ្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយ​ពុទ្ធពរ​ទាំងបួន​ប្រការ គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូម​មាន​សិរី​សួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១១នេះ។

ខ្ញុំមាន​កិត្តិយស​​ សូមគោរព​អញ្ជើញ សម្តេចតេជោ ថ្លែង​សុន្ទរកថា។ សូមគោរពអញ្ជើញ !

Scroll Up