សុន្ទរកថា​ស្វាគមន៍ របស់​​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ក្នុងពិធី​បើក​សន្និបាត​បូកសរុបការងារ​ឆ្នាំ ២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ នៅសាលសន្និសីទចតុមុខ
February 28, 2018 by Chhavorn SENG0

សុន្ទរកថាស្វាគមន៍ របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ ២០១០ និងទិសដៅការងារឆ្នាំ ២០១១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ នៅសាលសន្និសីទចតុមុខ

– សូមគោរពឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិ​ស័យ​កសិកម្ម និង ជនបទ
– ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការាជរដ្ឋាភិបាល
– ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល
– ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត

ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​សំដែងនូវ​​ការ​ស្វាគមន៍​យ៉ាងកក់​ក្តៅចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី និង​ជាប្រធាន​ក្រុមប្រឹក្សា​​ស្តារ​​​អភិវឌ្ឍន៍​​​​​​​​វិស័យ​កសិកម្ម និង​ជនបទ ដែល​បានផ្តល់​កិត្តិយស​​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​​​​​​​សន្និបាត​​​បូក​សរុប​​​ការងារឆ្នាំ ២០១០ និង​​ទិសដៅ​ការងារ​ឆ្នាំ ២០១១ របស់​ក្រសួងអភិវឌ្ឍន៍​ជនបទ​នា​​ថ្ងៃ​នេះ។

សន្និបាតបូកសរុបការងារឆ្នាំ ២០១០ និងទិសដៅការងារឆ្នាំ ២០១១ របស់យើងនាថ្ងៃនេះ បានប្រព្រឹត្ត​ទៅ​ចំពេល​ដែល​កម្ពុជា កំពុងស្ថិត​នៅក្នុង​សន្តិភាពពេញ​បរិបូរណ៍ ហើយ​ប្រជាពលរដ្ឋ និង​ប្រជាជាតិទាំង​មូល កំពុង​ទទួល​បាននូវមនុញ្ញផល​ដ៏ថ្លៃថ្លា​នៃសន្តិភាព​នេះ​ជាមួយ​រាជរដ្ឋាភិបាល។ ទោះបី​ប៉ុន្មានឆ្នាំ​កន្លងទៅ កម្ពុជា​ក៏ដូច​ជាបណ្តា​ប្រទេសដទៃ​ទៀត​លើសកលលោក ត្រូវ​ប្រឈម​នឹង​ព្យុះ​វិបត្តិកលិយុគ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចសកល​យ៉ាងណា​ក៏ដោយ ​ក៏រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​​ដោយ​​គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញយ៉ាង​ទាន់​ពេល និង​បានដឹកនាំ​អនុវត្តប្រកបដោយប្រសិទ្ធភាព នូវ​វិធានការ​គោល​នយោបាយ​​​គន្លឹះៗទាំងឡាយ ដើម្បី​ទប់ទល់ និងសម្រាលនូវ​​​បច្ច័យអាក្រក់ នៃវិបត្តិនេះមកលើ​សេដ្ឋកិច្ច​​ជាតិ និងជីវភាព​របស់​ប្រជា​ជន។ ជាលទ្ធផល កម្ពុជាអាច​ធានា​រក្សា​បានយ៉ាងគត់មត់​ នូវស្ថិរភាពម៉ាក្រូ​សេដ្ឋ​កិច្ច និងស្ថិរភាព​សង្គម ដោយធានារក្សាបាននូវលំនឹង​ជីវភាព​​រស់នៅ​​​របស់​ប្រជាជនទូទាំង​ប្រទេស។ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី បាន​ប្រកាស​​ប្រកបដោយក្តី​សុទិដ្ឋិ​និយម អំពីចក្ខុវិស័យ​ដែលចង់ឲ្យកម្ពុជា​ក្លាយទៅជាប្រទេស​នាំចេញ​​អង្ករ “ មាសស ” យ៉ាង​សំខាន់ នៅ​លើ​​​​ទីផ្សារ​អន្តរជាតិ ។ ឈរលើទស្សនៈ​ដ៏ត្រឹមត្រូវនេះ គណៈរដ្ឋមន្រ្តីបានអនុម័ត​ “ ឯកសារ​​​​​​​​​គោលនយោបាយ​ស្តីពីការជំរុញផលិតកម្មស្រូវ និង​ការនាំ​ចេញ​អង្ករ”។​​ ដោយហេតុថា កម្ពុជាកំពុង​ឈាន​​​ទៅ​មុខ​​តាមទិស​ដៅ​​​​ដ៏ត្រឹមត្រូវ ក្នុង​​​​​​​​​​វេទិកា​សហ​​ប្រតិបត្តិការ​អភិវឌ្ឍន៍កម្ពុជា លើក​ទី ៣ កាល​ពីដើមខែ មិថុនា​ ឆ្នាំ​២០១០​​​​​​​​ ក្រុមប្រទេស​ផ្តល់ជំនួយ និង​​​​​​ដៃគូ​អភិវឌ្ឍន៍​​ផ្សេង​ៗ បាន​សម្រេច​ផ្តល់​ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា​ នូវថវិកា ១.១០០​ លាន​​​​​​ដុល្លារ​​ បាន​បង្កើន​​ភាព​​​​​​អនុគ្រោះថែមទៀត​​ ដល់ដំណើរ​ការអភិ​វឌ្ឍន៍​​​​​​របស់​កម្ពុជា និងបានឆ្លុះបញ្ចាំង​ច្បាស់ នូវ​ជំនឿ​ទុកចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍​​​​អន្តរជាតិ មកលើរាជរដ្ឋាភិបាល។

សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់​វិស័យ​ បានជំរុញឲ្យបណ្តាប្រទេសជាច្រើន​​លើស​កលលោក​ កាន់តែពង្រឹង និង​ពង្រីកចំណង​សាមគ្គីភាព មិត្តភាព និងកិច្ច​សហប្រតិបត្តិការ​​ជិតស្និទ្ធ​ថែមទៀត​ជា​មួយកម្ពុជា។ លើស​ពីនេះ កម្ពុជា​បានទទួលធ្វើ​ជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំ​អាស៊ាន កិច្ច​ប្រជុំ​​ថ្នាក់តំបន់ និង​ថ្នាក់ពិភពលោក​សំខាន់ៗ​ជាច្រើន ព្រមទាំង​បានទទួល​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ របស់​​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​បណ្តាប្រទេសជាមិត្ត​ច្រើនទៀត​ផង។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជាទីគោរព
អង្គសន្និបាតទាំងមូល ជាទីមេត្រី

ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណដ៏ឈ្លាសវៃ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ប្រើប្រាស់​ភាព​ប៉ិន​ប្រសប់ តាមរយៈ​ការ​ដាក់​ចេញ​​នូវ​ចក្ខុ​វិស័យ​​វែងឆ្ងាយ​ដ៏​ត្រឹមត្រូវ សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ រួម​ជាមួយ​នឹង​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​​ប្រកប​ដោយ​ភាព​ជាក់ស្តែង ប្រាកដនិយម និង​ភាព​ម៉ឺងម៉ាត់ ដោយ​បាន​ធ្វើ​ឲ្យ​តំបន់​​ជនបទ ​​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​ការប្រែមុខ​មាត់ថ្មី​ក្នុង​ក្តីសង្ឃឹម គឺប្រជាជនបាន​ទទួលនូវចំណង​ដៃ​​ជាច្រើន មាន​​ជាអាទិ៍ សាលារៀន​តាំងពីមត្តេយ្យ រហូតដល់​ឧត្តម​សិក្សា មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ វារីអគ្គិសនី ព្រះវិហារ វត្តអារ៉ាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាងស្តុកទឹក បង្គន់អនាម័យ​​សាធារណៈ និងឯកជន បណ្តាញ​ផ្លូវ​គមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និង​ផលិតកម្ម ។ល។ កំពុងនាំមកនូវកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាជន​គ្រប់​ស្រទាប់នៅទូ​ទាំង​ប្រទេស ពិសេសតំបន់ជនបទនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ក្រសួង​អភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសកម្មដោយខិតខំ​បំពេញ​តួនាទី ក្នុង​​នាម​​ជា​អ្នក​ផ្ដល់​​សេវា​​បានយ៉ាងខ្ជាប់ខ្ជួន ដោយ​បានកែលម្អ​​ស្ថាន​ភាព​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​​នៅតាម​​តំបន់​​ជនបទ​​ឲ្យ​​កាន់តែ​​ប្រសើរ​​​​​​​​​ឡើង និង​ធ្វើឲ្យសម្រេច​នូវសមិទ្ធផល​ជាច្រើន។ គណៈកម្មាធិការ​អភិវឌ្ឍន៍​​ភូមិ ក៏បានចូលរួមបំពេញភារកិច្ចយ៉ាង​សំខាន់​​​​​ សម្រាប់ជួយ​ជំរុញ​ការ​អភិវឌ្ឍ​​​តាមបែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែលជាការអភិវឌ្ឍមានលក្ខណៈចំរុះពហុវិស័យ សំដៅ​​​​លើកកម្ពស់​កម្រិតជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅ​មួយថ្ងៃ​ ដើម្បី​ឈានទៅ​លុប​បំបាត់ភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ​កម្ពុជានៅទូ​ទាំង​ប្រទេស។ យើងបាន និង​កំពុងជំរុញ​ការ​អនុវត្ត​កំណែទម្រង់​រដ្ឋបាល និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុ​សាធារណៈ សំដៅ​​​​​បង្កើន​​​ប្រសិទ្ធភាព​​ការងារ​ទូទៅរបស់​ក្រសួង​។ ក្រសួងអភិវឌ្ឍន៍ជនបទ រួមជា​មួយ​ក្រសួង និង​ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បាន​ធ្វើ​ជា​​សេនាធិការ​ជូនរាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍភូមិ និងសហគមន៍ តាម​បណ្តោយព្រំដែនទិស​ខាង​​​លិច និង​ខាង​​ជើង​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់គ្រួសារ​យោធិន នគរបាល និងប្រជា​ពល​រដ្ឋ​​ ​ ឲ្យ​មាន​ផ្ទះ​ស្នាក់នៅ មានជីវភាព​រស់​នៅសមរម្យ មានទឹកស្អាត និងបង្គន់អនាម័យ​ប្រើ​ប្រាស់ មាន​មណ្ឌល​សុខភាព សាលារៀន ផ្សារលក់ដូរ និងវត្តអារ៉ាម ។
ខ្ញុំសូមឆ្លៀតឱកាសនេះ សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះសហ​ការី​ជាថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍​​​ទាំងអស់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងផ្តល់នូវការគាំទ្រ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម លើកកម្ពស់​ជីវភាព សុខុមាលភាព របស់ប្រជាជនកម្ពុជា។ ឯកឧត្តម លោកជំទាវ លោក លោកស្រី

ជាមួយនឹងក្តីសប្បាយរីករាយ ចំពោះសមិទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ២០១០ គឺឆ្នាំ​ចាស់​​​​នេះ ក៏​បាន​បន្សល់ទុក​ឲ្យយើងនូវបញ្ហា​ប្រឈម​មួយ​ចំនួន ដែល​យើងត្រូវ​ចាត់វិធាន​ការអនុវត្ត​​បន្តឲ្យ​​បាន​ជោគជ័យ​​ក្នុងឆ្នាំថ្មី ឆ្នាំ ២០១១។ គោលដៅអាទិភាពក្នុងឆ្នាំ ២០១១ គឺបន្តអនុវត្ត​យុទ្ធសាស្រ្ត​​ចតុកោណ ដំណាក់​កាល​ទី ២ របស់​រាជរដ្ឋាភិបាល។
ដើម្បី​ឆ្លើយតប​ទៅនឹងគោលដៅ​ខាងលើ ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋនៅជនបទ ក៏​​​​​​​​ដូចជា​បំណង​ប្រាថ្នារបស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ខ្ញុំសំណូមពរ​អង្គសន្និបាត​យកចិត្តទុកដាក់ និង​ផ្តោតការ​​ពិភាក្សា ព្រម​ទាំង​ពិចារណា​ទៅ​លើ​បញ្ហាសំខាន់ៗ​​​​ដូចតទៅ​៖

ទី១- ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធផ្លូវជនបទ ។
ទី២- ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។
ទី ៣- កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព។
ទី ៤- ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចជនបទ។
ទី ៥- កម្មវិធីអភិវឌ្ឍន៍តាមបណ្តោយព្រំដែនទិសខាងលិច និងខាងជើងនៃ​ព្រះ​រាជាណាចក្រកម្ពុជា។

ជោគជ័យដែលក្រសួងអភិវឌ្ឍន៍ជនបទ​សម្រេច​​បាន​​ក្នុងឆ្នាំ ២០១០ នេះ គឺបានឆ្លុះបញ្ចាំងអំពី​​​​​​​​​​​​សមិទ្ធកម្មកាន់តែប្រសើរឡើង របស់ក្រសួងអភិ​វឌ្ឍន៍​ជនបទ ដែលកើត​ចេញ​​​មកពីចក្ខុវិស័យ​​នៃគោល​នយោបាយ​ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពីសុឆន្ទៈ​​​​​​​​​​ដ៏​មោះ​មុត និងការ​ខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍​ជនបទ​។ ពិសេសជាងនេះទៅទៀត គឺអាស្រ័យ​ដោយ​មាន​ការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អង្គការ​​​​​​​​អន្តរជាតិ និងដៃគូ​អភិវឌ្ឍន៍នានា។

ដើម្បីជាទុនក្នុងការអនុវត្តសម្រាប់ឆ្នាំ ២០១១ ក្នុងឱកាសដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយសនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី និង​​ជាប្រធាន​ក្រុមប្រឹក្សា​​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នឹង​​ផ្តល់​នូវ​អនុសាសន៍​​បន្ថែម​ទៀត​ជូន​អង្គសន្និបាត ហើយ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ នឹង​ទទួល​យក​នូវ​​អនុសាសន៍​​​ទាំងនេះ​ សម្រាប់​ទុកជាការ​ដឹកនាំអនុវត្តឲ្យ​បាន​សមស្រប​តាមសភាពការណ៍​ជាក់ស្តែង។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អស់លោក លោក​​ស្រី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០១១ នេះ សូមទទួលបាននូវ សេចក្តី​សុខ សិរីសួស្តី​ ជារៀង​រហូតតទៅ ។ ខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថា​បើក​សន្និបាត។ សូមគោរពអញ្ជើញ !

Scroll Up