សន្ទរកថា របស់​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០១០ និង ទិសដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​សាល​ចតុមុខ​ ថ្ងៃ​ទី​ ២៩ ខែ ធ្នូ ឆ្នាំ ២០១០
February 28, 2018 by Chhavorn SENG0

– ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​សមាជិក សមាជិកា នៃ​អង្គ​សន្និបាត​ទាំងមូល​ជា​ទី​មេត្រី !

ថ្ងៃនេះ ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយ​បាន​មក​ចូល​រួម​ក្នុង​ពិធីបិទ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រួមគ្នា​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ នូវ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​ទៅ និង​ទិសដៅ​ស្វែង​រក​យុទ្ធសាស្ត្រ និង​យន្តការ​គន្លឹះ​សម្រាប់​ធានា​ការអនុវត្ត​រាល់​គម្រោង​ការ​អភិវឌ្ឍន៍​ជនបទ​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​ថែម​ទៀត​ក្នុង​ឆ្នាំ​ថ្មី ២០១១ ខាង​មុខ​នេះ។ ឆ្លៀត​ឱកាស​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​ជា​មន្ត្រី​រាជការ​ទាំង​អស់​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​យើង។ អង្គ​សន្និបាត​របស់​យើង​នា​ពេល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ចំ​ពេល​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុង​ត្រៀម​រៀបចំ​អបអរសាទរ​រំលឹក​ខួប​ថ្ងៃ​ជ័យ​ជំនះ ៧ មករា ឆ្នាំ ១៩៧៩ ដែល​ជា​ទិវា​នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​យើង ក្រោយ​ពី​ត្រូវ​ឆ្លង​កាត់​នៅ​ក្នុង​ទុក្ខ​លំបាក​គ្រប់​បែបយ៉ាង​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ។ ទន្ទឹម​នឹង​នេះ អង្គសន្និបាត​របស់​យើង​ថ្ងៃ​នេះ ក៏​ស្ថិត​នៅ​ក្នុង​បរិយាកាស​ដែល​រាជរដ្ឋាភិបាល​កំពុង​បង្កើន​ការ​យកចិត្ត​ទុកដាក់​និង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ឆន្ទះ​ម៉ឺងម៉ាត់ និង​ហ្មត់ចត់ ក្នុង​កិច្ចការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ការ​បង្កើន​ល្បឿន​នៃ​សកម្មភាព​ការងារ​អភិវឌ្ឍន៍​ជនបទ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង។

ក្នុង​ស្មារតី​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​មនោសញ្ចេតនា​សប្បាយ​រីករាយ​ជាមួយ​នឹង​សមិទ្ធផល​ទាំងអស់​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​សម្រេច​បាន​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ កន្លង​មក​នេះ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​សូម​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី-ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ដៃ​គូ​អភិវឌ្ឍន៍ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ និង​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត រហូត​សម្រេច​បាន​នូវ​ស្នាដៃ​ល្អ​ៗ​ជាច្រើន នៅក្នុង​ឆ្នាំ​២០១០ នេះ។ ខ្ញុំ​យល់​ថា អង្គ​សន្និបាត​របស់​យើង​ថ្ងៃ​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​មេរៀន បទពិសោធន៍​និង​អនុសាសន៍​ល្អ​ៗ​ថែម​ទៀត សម្រាប់​បន្ត​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​វិធានការ​នានា​ឲ្យ​សម្រេច​បាន​ជោគជ័យ​នា​ឆ្នាំ​២០១១ ខាង​មុខ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ប្រយោជន៍​ធ្វើ​ឲ្យ​តំបន់​ជនបទ​នៅ​ទូទាំង​ប្រទេស​មាន​ការ​រីក​ចម្រើន និង​ឈាន​ទៅ​កាត់​បន្ថយ​បាន​នូវ​គម្លាត នៃ​ការ​អភិវឌ្ឍន៍​រវាង​ទីក្រុង និង​ជនបទ​ទៀត​ផង។

ដូច​ដែល​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​អម្បាញ់មិញ​នេះ​ហើយ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ យើង​សម្រេច​បាន​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ជនបទ​គួរ​ជាទី​មោទនៈ​ជាច្រើន ដែល​ក្នុង​នោះ​រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម-សេដ្ឋកិច្ច​គ្រប់​ប្រភេទ ការ​អភិវឌ្ឍន៍​សមត្ថភាព​ធនធាន​មនុស្ស ការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍ ការ​បង្កើត​ច្បាប់ លិខិត​បទដ្ឋាន​ចាំបាច់​នានា រួម​ជាមួយ​នឹង​ការ​រៀបចំ​យន្តការ​សម្រាប់​សម្របសម្រួល និង​ដឹកនាំ​ការងារ​អនុវត្ត​នូវ​រាល់​ផែនការ​សកម្មភាព​អភិវឌ្ឍ​ទាំង​អស់ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អភិវឌ្ឍន៍​ជនបទ​នៅ​ទូទាំង​ប្រទេស។ សមិទ្ធផល​ទាំងអស់​នេះ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ឡើង​តាម​រយៈ​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ​ឡើង​របស់​ប្រជាជន​យើង​នៅ​តាម​ជនបទ។ ជាក់​ស្ដែង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដូចជា ប្រព័ន្ធ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ បណ្ដាញ​អប់រំ ណែនាំ និង​ពិគ្រោះ​យោបល់ ការ​ព្យាបាល និង​ថែទាំ​សុខភាព ការ​បង្កើត​ពេទ្យ​ភូមិ មណ្ឌល​សុខភាព​នៅ​តាម​ឃុំ និង​មន្ទីរពេទ្យ​បង្អែក ។ល។ ការ​បង្ខិត​សាលា​រៀន​ទាំង​បឋម​សិក្សា មធ្យមសិក្សា និង​ឧត្ដមសិក្សា រួម​ជាមួយ​នឹង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​ចូល​កៀក​កាន់​តែ​ជិត​ប្រជាជន ការ​លើក​កម្ពស់​សមត្ថភាព ធនធាន​មនុស្ស ការ​អភិវឌ្ឍន៍​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ កម្មវិធី​អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន​ទិស​ខាង​លិច និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទាំងអស់​នេះ គឺ​សុទ្ធ​តែ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​ជួយ​កែ​លម្អ និង​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង ស្របតាម​ចក្ខុវិស័យ និង​កម្មវិធី​នយោបាយ​ដែល​បាន​រំលេច​យ៉ាង​ច្បាស់​ក្នុង យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល។ ជា​ការ​ពិត សមិទ្ធផល​ទាំង​អស់​នេះ​មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​យើង​អាច​កាត់​បន្ថយ​បាន​ជា​បណ្ដើរៗ នូវ​ភាព​ខុសគ្នា​រវាង​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឲ្យ​យើង​អាច​ទប់ស្កាត់​បាន​មួយ​ចំណែក​ធំ​នូវ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​ទី​ជនបទ​មក​កាន់​ទីក្រុង និង​ទីប្រជុំជន​នានា​ទៀត​ផង។ ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​ណែនាំ​ដល់​គ្រប់​ក្រសួង-ស្ថាប័ន អាជ្ញាធរ​មាន​សមត្ថកិច្ច និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ចូលរួម​ឲ្យ​បាន​សស្រាក់សស្រាំ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ជនបទ​នៅ​ទូទាំង​ប្រទេស​មាន​កាលានុវត្ត​ភាព និង​មាន​សមត្ថភាព​អាច​ស្រូប​ទាញ​យក​អត្ថប្រយោជន៍​អនុគ្រោះ នៃ​ការអភិវឌ្ឍន៍​ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់ និង​ពិភពលោក ព្រមទាំង​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ជនបទ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត សំដៅ​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ ព្រម​ទាំង​កាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​រវាង​ទីក្រុង និង​តំបន់​ជនបទ។

– ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី‌ !

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​រំលឹក​ឡើងវិញ​បន្តិច​នូវ​ដំណើរ​ការ​ខ្លះ​ៗ នៃ​ការ​អភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​យើង។ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ មក តំបន់​ជនបទ​របស់​កម្ពុជា​​បាន​ប្រែក្លាយ​បន្តិច​ម្ដង​ៗ ពី​គ្មាន​អ្វី​សោះ មក​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​កសិផល ជា​តំបន់​ទេសចរណ៍ តំបន់​ឧស្សាហកម្ម​ធុន​ស្រាល, ការ​ធ្វើ​ពាណិជ្ជកម្ម មាន​វារីអគ្គិសនី ហើយ​មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង​ជា​ច្រើន​កន្លែង មាន​សាលា​រៀន​តាំង​ពី​បឋម​សិក្សា​ឡើង​ទៅ មាន​មន្ទីរពេទ្យ ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព ប្រព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត អណ្ដូង​ទឹក ស្រះទឹក អាង​តម្កល់​ទឹក និង​មាន​បង្គន់​អនាម័យ​នៅ​តាម​ផ្ទះ និង​តាម​ទី​សាធារណៈ​នានា។ ប្រការ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យើង​បាន​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជា​បណ្ដើរ​ៗ។ លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​ធ្វើ​ឲ្យ​តំបន់​ជនបទ​ក្លាយ​ជា​ទីកន្លែង ដែល​មាន​សន្តិភាព សន្តិសុខ សុវត្ថិភាព មាន​ការ​ប្រែប្រួល​មុខមាត់​ថ្មី និង​ក្លាយ​ជា​ប៉ូល​អភិវឌ្ឍន៍​ប្រកប​ដោយ​សក្ដានុពល​ថ្មី​មួយ​ទៀត សម្រាប់​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​យើង។
ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ថា ការ​អភិវឌ្ឍន៍​ជនបទ គឺ​ជា​វិស័យ​អាទិភាព​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត ដូចជា កសិកម្ម អប់រំ និង​សុខាភិបាល​ជា​ដើម ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស។ ជាមួយ​គ្នា​នោះ​កិច្ចការ​អភិវឌ្ឍ​ជនបទ គឺជា​ការងារ​ពហុ​វិស័យ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​សហការ​ដោយ​សកម្ម និង​រស់​រវើក​ពី​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់។ ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​សម្រួច​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ និង​បន្ទាន់​ក្នុង​ការងារ (១). ការ​ស្ដារ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ រួមមាន ផ្លូវ​ជនបទ ស្ពាន សាលារៀន មណ្ឌល​សុខភាព ផ្សារជនបទ (២). ការ​ផ្គត់ផ្គង់​បណ្ដាញ​ទឹក​ស្អាត និង​អនាម័យ​ជនបទ​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ប្រជាជន​នៅ​តាម​ទី​ជនបទ​ដែល​ខ្វះ​អនាម័យ និង​ខ្វះ​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់ (៣). ការ​ស្ថាបនា និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​ស្រោចស្រព​ផ្ទៃដី​សម្រាប់​ដំណាំ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ​ដើម្បី​លើក​ស្ទួយ​ការងារ​បង្កបង្កើន​ផល​របស់​ប្រជាកសិករ (៤). ការ​លើក​កម្ពស់​សេវា​ពិគ្រោះ​យោបល់ ថែទាំ និង​ព្យាបាល​ជូន​ប្រជាជន​នៅ​តាម​សហគមន៍​ជនបទ ការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទម្លាប់ និង​ផ្នត់​គំនិត​នៃ​ការ​រស់នៅ និង​ការ​ទទួល​ទាន និង​ការ​រៀបចំ​ទុកដាក់​ម្ហូម​អាហារ និង (៥). ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស និង​ការ​បង្កើត​ច្បាប់ លិខិត​បទដ្ឋាន គោល​នយោបាយ និង​វិធាន​ការ​ផ្សេង​ៗ​សំដៅ​ជំរុញ​ការងារ​អភិវឌ្ឍ​ជនបទ​ឲ្យ​មាន​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ស្រប​តាម​កម្មវិធី​នយោបាយ និង ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល។

ជា​ការ​ពិត​ណាស់​ថា​កម្ពុជា​យើង​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ និង​វិស័យ​កសិកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ។ ក្នុង​ន័យ​នេះ​យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​ដើម​ទុន​បឋម​នៃ​ការ​អភិវឌ្ឍ​ជនបទ​របស់​យើង គឺ​ធនធាន​ធម្មជាតិ និង​ជំនាញ​កសិកម្ម​នេះ​ឯង​ដែល​តម្រូវ​ឲ្យ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្ដិសិទ្ធិ។ ទន្ទឹម​គ្នា​នេះ​យើង​ត្រូវ​ស្វែង​រក និង​ពង្រឹង​បន្ថែម​នូវ​កត្តា​ផលិតកម្ម​ដទៃ​ទៀត ដើម្បី​បំពេញ​បន្ថែម​លើ​សក្ដានុពល​នៃ​ធនធាន​ធម្មជាតិ និង​កម្លាំង​ពលកម្ម​ដែល​យើង​មាន​ស្រាប់​នោះ​គឺ​ធនធាន​ហិរញ្ញវត្ថុ ជំនាញ​ដឹកនាំ និង​សហគ្រិនភាព។ ខ្ញុំ​ជឿ​ថា​កន្លង​មក​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង-ស្ថាប័ន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ធ្វើ​សកម្មភាព​ជាច្រើន និង​សហការ​គ្នា​ដើម្បី​ប្រើប្រាស់​នូវ​កត្តា​ផលិតកម្ម​ទាំង ៤ នេះ គឺ ‌ßធនធាន​ធម្មជាតិ កម្លាំង​ពលកម្ម មូលធន និង​សហគ្រិនភាពà ដើម្បី​អភិវឌ្ឍ​ជនបទ​របស់​យើង និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់​សម្គាល់​មួយ​កម្រិត​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​យល់​ថា​ក្នុង​ចំណោម​កត្តា​ផលិតកម្ម​ទាំង​បួន​ខាង​លើ​នេះ យើង​គួរ​យក​ចិត្ត​ទុកដាក់ និង​តម្រង់​ទិស​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​ថែមទៀត​ជាពិសេស​ការ​កសាង​មូលធន​បញ្ញា និង​ការ​អភិវឌ្ឍន៍​កម្រិត និង​ប្រភេទ​ជំនាញ​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ ដូចជា​ការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ឬ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជនបទ​ជាដើម​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ពីព្រោះ​ថា ßធនធាន​មនុស្ស គឺជា​ផ្លូវ គឺជា​សេចក្ដី​សង្ឃឹម និង​ជា​កោសិកា​នៃ​ការ​លូតលាស់à។ ដូច្នេះ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​គឺ​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​ជនបទ​ហើយ​ជា​លទ្ធផល​ការ​អភិវឌ្ឍ​ជនបទ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​វិញ​ពោល គឺ ßយើង​អភិវឌ្ឍ​មនុស្ស​ដើម្បី​អភិវឌ្ឍ​ជនបទ និង​អភិវឌ្ឍ​ជនបទ ដើម្បី​មនុស្ស​វិញà ពីព្រោះ​ថា គឺ​មនុស្ស​នេះ​ឯង​ដែល​ជា​អ្នក​ដឹកនាំ​ការ​អភិវឌ្ឍន៍ និង​អាស្រ័យ​ផល​ដែល​ទទួល​បាន​ពី​ការ​អភិវឌ្ឍន៍​ទាំង​នោះ។

– ឯកឧត្ដម លោក​ជំទាវ អស់លោក លោកស្រី !

ឆ្លៀត​ក្នុង​ឱកាស​នេះ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ជនបទ ដែល​មាន​ការ​ចូលរួម​ដ៏​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​គម្លាត​រវាង​ទីក្រុង និង​ជនបទ ខ្ញុំ​សូម​ផ្ដល់​ជូន​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ទី១. ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ខិតខំ​ជំរុញ​កសាង​ផ្លូវ​ជនបទ និង​ស្វែងរក​ជំនួយ​ហិរញ្ញប្បទាន​នានា ដើម្បី​កែ​លម្អ​ផ្លូវ​ជនបទ​ដោយ​ប្ដូរ​មក​ក្រាល​កៅស៊ូ​ប្រភេទ​ពីរ​ជាន់ (DBST) វិញ។ ពី​ព្រោះ​ថា កន្លង​មក​យើង​មាន​កញ្ចប់​ថវិកា​សម្រាប់​ថែទាំ​ផ្លូវ​ជនបទ​ជា​លក្ខណៈ​ខួប និង​លក្ខណៈ​ប្រចាំ​ក៏​ប៉ុន្តែ​គុណភាព​នៃ​ផ្លូវ​លំ​ជនបទ​របស់​យើង​នៅ​តែ​ងាយ​ឆាប់​ខូច​ទៅ​វិញ​ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​យើង​ចំណាយ​ថវិកា​យ៉ាង​ច្រើន​លើ​ការ​ជួសជុល​ឡើង​វិញ​ដដែល​ៗ។

ទី២. ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​បន្ត​ជំរុញ​លើក​កម្ពស់​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​តាម​ផែនការ​ដែល​បាន​កំណត់​ដោយ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ស្រប​តាម​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​ផ្គត់ផ្គង់​ទឹក​ជនបទ​ដែល​បាន​លើក​ឡើង​ថា ßមនុស្ស​គ្រប់រូប​ត្រូវ​មាន​សេវា​ផ្ដល់​ទឹក​ស្អាត​និង​អនាម័យ និង​រស់នៅ​ក្នុង​បរិស្ថាន​ប្រកប​ដោយ​អនាម័យ​នៅ​ឆ្នាំ ២០២៥ à និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​បាន​កំណត់​ថា​នៅ​ឆ្នាំ ២០១៥ ßប្រជាពលរដ្ឋ ៥០% ដែល​រស់នៅ​តំបន់​ជនបទ​មាន​សេវា​ទឹក​ស្អាត​ប្រើប្រាស់ និង​ប្រជា​ពលរដ្ឋ ៣០% ដែល​រស់នៅ​តំបន់​ជនបទ​មាន​សេវា​អនាម័យ​ល្អ ។

ទី៣. ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ថែមទៀត​លើ​ការងារ​កំណែ​ទម្រង់​រដ្ឋបាល និង​ការ​លើក​កម្ពស់​សមត្ថភាព ក្នុង​នោះ​រួមមាន​ការ​ពង្រឹង​បន្ថែម​នូវ​ការ​ដឹកនាំ​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន​ក្រោម​ឱវាទ ការ​បណ្ដុះបណ្ដាល​ទាំង​មន្ត្រីរាជការ និង​ប្រជាជន​នៅ​តាម​ជនបទ​តាមរយៈ​ការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ឬ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជនបទ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ជាដើម។
ទី៤. ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​គណៈកម្មការ​អភិវឌ្ឍន៍​ភូមិ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់​រាជធានី-ខេត្ត និង​ក្រុង-ស្រុក-ខណ្ឌ។ ទន្ទឹម​នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការ​ស្ដារ​ប្រឡាយ​ជួសជុល​ផ្លូវ​ក្នុង​ភូមិ ជីក​ស្រះ ផ្ដល់​ពូជ​សត្វ ពូជ​ឈើ​ហូប​ផ្លែ ពូជ​គ្រាប់​ធញ្ញជាតិ​នានា និង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សមាគម​នានា​ដើម្បី​ផ្ដល់​ឥណទាន​ជនបទ​ដល់​ខេត្ត​ដទៃ​ទៀត​ក្រៅ​ពី​ខេត្ត​គោលដៅ​ដែល​បាន និង​កំពុង​ប្រតិបត្តិការ។

ទី៥. ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​គណៈកម្មការ​អន្តរ​ក្រសួង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ព្រំដែន​ទិស​ខាង​លិច និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​ដោយ​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន សង្គមស៊ីវិល និង​សប្បុរសជន​នានា​ក្នុង​នោះ​រួម​មាន​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត បណ្ដាញ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ អគ្គិសនី ការ​អភិវឌ្ឍ​កសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និង​ការ​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ។

ទី៦. ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​រៀបចំ​ឲ្យ​មាន និង​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជនបទ ឯកសារ​គោលនយោបាយ​ស្ដីពី​ផ្លូវ​ជនបទ គោលការណ៍​ណែនាំ​ស្ដីពី​ការ​លើក​កម្ពស់​ការ​ប្រតិបត្តិ​អនាម័យ​តាម​សហគមន៍​ជនបទ យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ វិធាន​នៃ​ការ​បង្កើត និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ព្រមទាំង​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ទឹក​ពី​ទន្លេ​មេគង្គ និង​ទន្លេ​សាប សម្រាប់​គោលដៅ​នៃ​ការ​អភិវឌ្ឍន៍​ជនបទ។

ទី៧. ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​សាធារណៈ​ក្នុង​ការ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ការ​ស្រាវជ្រាវ និង​សេវា​ផ្សព្វផ្សាយ​ដោយ​ផ្ដោត​ការ​យកចិត្ត​ដាក់​ទៅ​លើ​ការ​បង្កើន​ការ​ដាំដុះ តាម​រយៈ​ការ​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​សហគ្រាស​កសិកម្ម និង​សហគ្រាស​មាន​មូលដ្ឋាន​កសិកម្ម កាល​លើក​កម្ពស់​ប្រសិទ្ធភាព​ប្រព័ន្ធ​ស្រោចស្រព​ដែល​គ្រប់គ្រង និង​កាន់កាប់​ដោយ​កសិករ និង​ការ​ជំរុញ​សេវា​មីក្រូ​ហិរញ្ញវត្ថុ​ជាដើម។

ទី៨. ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​រៀបចំ និង​កសាង​ភូមិ​គំរូ​សម្រាប់​ជនជាតិ​ភាគតិច និង​ភូមិ​គំរូ​ដទៃ​ទៀត​ដែល​មាន​ភាព​លេច​ធ្លោ ឬ​មាន​ការ​អនុវត្ត​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ជនបទ​ស្រប​តាម​ទិសដៅ និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដូចជា​តាម​រយៈ​ការ​បង្កើត ßចលនា​ប្រឡង​ប្រណាំង​ភូមិ​គំរូà ជាដើម។

ជា​ថ្មី​ម្ដង​ទៀត​ខ្ញុំ​សូម​ថ្លែង​នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​អង្គ​សន្និបាត​នេះ​ប្រកប​ដោយ​ជោគជ័យ។ ខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង-ស្ថាប័ន គណៈកម្មការ​អន្តរ​ក្រសួង និង​អាជ្ញាធរ​រាជធានីភ្នំពេញ-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង​ឃុំ-សង្កាត់ ព្រមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាជន​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​កិច្ច​ការ​អភិវឌ្ឍន៍​ជនបទ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ។ ខ្ញុំ​សូម​ណែនាំ​ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ប្រែក្លាយ​អនុសាសន៍ មតិយោបល់ និង​បទពិសោធន៍​ល្អ​ៗ​នៃ​អង្គ​សន្និបាត​នេះ ឲ្យ​ទៅ​ជា​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​សម្រាប់​ធានា​ជោគជ័យ​ដល់​ការងារ​អភិវឌ្ឍ​ជនបទ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំង​ជាតិ-អន្តរជាតិ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ទាំង​អស់​ សូម​បន្ត​ជួយ​គាំទ្រ​និង​ចូលរួម​ចំណែក​បន្ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដើម្បី​អាច​ឲ្យ​យើង​ឈាន​ទៅ​ម្ចាស់ការ​បាន​ដោយ​ជោគជ័យ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ចជាតិ។

ជា​ទី​បញ្ចប់​ជាមួយ​នឹង​ការ​ប្រកាស​បិទ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ខ្ញុំ​សូម​ជូនពរ​ឯក​ឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ ក្នុង​ឱកាស​ ចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១១ ខាង​មុខ​នេះ​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

សូមអរគុណ !

Scroll Up