របាយការណ៍​ប្រចាំខែ​មិថុនា ឆ្នាំ ២០១៤ របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ
February 14, 2014 by Oudom SOK0

I. សេចក្តី​ផ្តើម 
ដើម្បី​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​កែលម្អ​ស្ថានភាព​សុខភាព​សាធារណៈ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ តាមរយៈ​ការកែលម្អ​ការផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​នោះ។ ចាប់តាំងពី​ឆ្នាំ ២០០៣ មក រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​នូវ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ (DRWS) មួយ ក្រោម​ឱវាទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ (MRD)។ ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ធានាឱ្យមាន “សហគមន៍​ជនបទ​ប្រកបដោយ​សុខភាព សុភមង្គល និង​សុវត្ថិភាព ” នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ បានកំណត់​ចក្ខុវិស័យ​របស់ខ្លួន ដោយ​ធានាថា “នៅ​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គង់​ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព ”។

នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ ទូរសារ និង​ទូរស័ព្ទ​លេខ (០២៣) ៥៥៣ ៥៥១, Email Address: drws.mrd@gmail.com

II.ស្ថានភាព​មន្ត្រីរាជការ

១. រចនាសម្ព័ន្ធ

នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ មាន​ការិយាល័យ​ចំណុះ ចំនួន ០៥ គឺ (i). ការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ (ii). ការិយាល័យ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ (iii). ការិយាល័យ​ទឹកស្អាត (iv). ការិយាល័យ​គម្រោង និង​ផែនការ និង (v). ការិយាល័យ​ប្រព័ន្ធ​ស្រោចស្រព និង​ថាមពល​ខ្នាតតូច។

២. ធនធានមនុស្ស

នៅក្នុង​នាយកដ្ឋាន មាន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​សរុប ចំនួន ៧៧នាក់ (ស្រី ០៥នាក់) ដែល​បាន​បែងចែក​ទៅតាម​មុខងារ និង​តួនាទី រួមមានៈ (i). ថ្នាក់ដឹកនាំ​នាយកដ្ឋាន ចំនួន ១១នាក់ (ii). ថ្នាក់ដឹកនាំ​ការិយាល័យ ចំនួន ១៣នាក់ និង (iii). មន្ត្រី ចំនួន ៥៣នាក់។ ក្នុងនោះ​មន្ត្រី​ដែល​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​គម្រោង​នានា សរុប​ចំនួន ២១នាក់ (ស្រី ០២នាក់) ដែល​រួមមានៈ (i). គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ទី២ ចំនួន ១១នាក់ (ii). គម្រោង​កែលម្អ​ផ្លូវ​ជនបទ ចំនួន ០២នាក់ (iii). គម្រោង KETSANA ចំនួន ០១នាក់ និង (iv). អង្គការ UNICEF ចំនួន ០៦នាក់។

III.សកម្មភាព​ការងារ

១. សកម្មភាព​ការងាររដ្ឋបាល

លទ្ធផល​ការងាររដ្ឋបាល របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៅក្នុង ខែមិថុនា គ.ស. ២០១៤ នេះ សម្រេចបាន​ដូចតទៅៈ

  • ចូលរួម​សិក្ខាសាលា​បាន ចំនួន ០១លើក
  • លិខិតអញ្ជើញ​ថា្នក់​ដឹកនាំ​ចូលរួម​ប្រជុំបាន ចំនួន ០៦លិខិត
  • ទទួល​លិខិត​ពី​អង្គភាព និង​ស្ថាន​ប័ន​នានា​បាន ចំនួន ០៤លិខិត

២. គម្រោង កម្មវិធី និង​អង្គ​ការសហការ​ជាមួយ​នាយកដ្ឋាន

ក. លទ្ធផល​ការងារ​សម្រេចបាន របស់​វិស័យ​ផ្គត់ផ្គង់​ទឹក​ជនបទ (ថវិកា​កម្មវិធី)

នៅក្នុង​ខែ មិថុនា គ.ស. ២០១៤ នេះ​លទ្ធផល​ការងារ​វិស័យ​ផ្គត់ផ្គង់​ទឹក​ជនបទ​សម្រេចបានៈ

១. ការងារ​សាងសង់​ថ្មី

  • ពុំមាន​សកម្មភាព

២. ការងារ​ស្តារ /ជួសជុល

  • ជួសជុល​អណ្តូងស្នប់​បាន ចំនួន ២៥អណ្តូង ខេត្តកំពង់ស្ពឺ ខេត្ត​រតនៈគីរី ខេត្ត​ប៉ៃលិន

៣. ការងារផ្សេងៗ

  • ស្រង់​ទិន្នន័យ​អណ្ដូងស្នប់ និង​លូច​ម្រុះ​គ្រប់​ប្រភេទ​បាន ចំនួន ៣ ១៨០អណ្ដូង នៅ​រាជធាន​ភ្នំពេញ
  • សិក្សា​ទីតាំង​អណ្ដូង​លូ​សម្រាប់ធ្វើ​ការជួសជុល​បាន ចំនួន ៧០អណ្ដូង នៅក្នុង​ខេត្ត​កែប ខេត្ត ស្វាយរៀង

ខ. គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ទី២ (RWSSP2)

គម្រោង​អនុវត្ត​ក្នុង​រយៈពេល ៥ឆ្នាំ (២០១០-២០១៥) មាន​ថវិកា​ចំនួន ២៥,៨ លាន​ដុល្លារ (ថវិកា​រាជរដ្ឋាភិបាល ១,៨ លាន​ដុល្លារ ជំនួយឥតសំណង​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី ២១លាន​ដុល្លារ និង​ការចូលរួម​របស់​អ្នកទទួលផល ៣ លាន​ដុល្លារ) នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ០៦ គឺ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ។ ក្នុង ខែមិថុនា គ.ស. ២០១៤ នេះ​គម្រោង​សម្រេចបានៈ

  • ពង្រឹង​ក្រុម​ប្រើប្រាស់​ទឹក និង​អន​នា​ម័​យ​ដោយ​ជម្រុញ​ឲ្យ​មានការ​ធ្វើ​របង​ការពា​រ​អណ្តូងទឹក និង​សន្សំ​ថវិកា​សម្រាប់​ជួសជុល​អណ្តូង​បាន ចំនួន ០២លើក នៅ​ខេត្តកំពង់ឆ្នាំង
  • សាងសង់​បង្គន់​អនាម័យ​តាម​គ្រួ​សារបាន ចំនួន ៤៩៧បង្គន់ នៅ​ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ
  • សាងសង់​បង្គន់​អនាម័យ​សាធារណៈ​បាន ចំនួន ១២បង្គន់ នៅ​ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ
  • ប្រជុំ​ថ្នាក់ឃុំ និង​ភូមិ ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុងការ​ជម្រុញ​ការងារ​សាងសង់​បង្គន់​គ្រួសារ អ្នកចូលរួម សរុប ២៦១នាក់/ស្ត្រី ៨៩នាក់ នៅ​ខេត្តកំពង់ឆ្នាំង
  • សាងសង់​អណ្តូងស្នប់​បាន ចំនួន ០៧អណ្តូង នៅ​ខេត្តបន្ទាយមានជ័យ
  • ជួសជុល​អណ្តូងស្នប់​បាន ចំនួន ០២អណ្តូង នៅ​ខេត្តបន្ទាយមានជ័យ
  • ស្តារ​ស្រះ​សហគមន៍​បាន ចំនួន ០៦ស្រះ នៅ​ខេត្តបន្ទាយមានជ័យ
  • ផលិត​ពាង​ត្រង​ទឹកភ្លៀង​បាន ចំនួន ១២០ពាង នៅ​ខេត្តបន្ទាយមានជ័យ

គ. គម្រោង​ផែនការ​សុវត្ថិភាព​ទឹក​ជនបទ

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ​គម្រោង​សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀប​ចុះ​សិក្ខាសាលា ស្ដីពី​ការពិនិត្យ​សម្ភារៈ​អប់រំ និង​បណ្ដុះបណ្ដាល​អ្នក​អប់រំ​ដល់​សហគមន៍ នៅ ភោជនីយដ្ឋាន​បៃតង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ដល់ ៣០ ខែឧសភា គ.ស.២០១៤ ដោយ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​មាន​អ្នកចូលរួម​ទាំងអស់​មា​ន ចំនួន ២០នាក់

៣. គម្រោង កម្មវិធី និង​អង្គ​ការសហការ​ជាមួយ​រាជធានី ខេត្ត

ក. កិច្ចសហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វព្រៃ SCW

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វព្រៃ SCW សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ជួសជុល​អណ្តូងស្នប់​បាន ចំនួន ០៣អណ្តូង នៅ​ខេត្ត​រតនៈគីរី
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការប្រើប្រាស់ និង​ថែទាំ​អណ្តូង​ដល់​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ

ខ. កិច្ចសហការ​ជាមួយ​អង្គការ WFP

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ WFP សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ស្តារ​ស្រះ​សហគមន៍​បាន ចំនួន ០១ស្រះ នៅ​ខេត្តកំពង់ស្ពឺ

គ. កិច្ចសហការ​ជាមួយ​អង្គការ​កូនក្មេង

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ​កូនក្មេង សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • សាងសង់​អណ្តូងស្នប់​បាន ចំនួន ០១អណ្តូង នៅ​ខេត្តស្វាយរៀង

ឃ. កិច្ចសហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​បណ្តាញ​ចែកចាយ​ទឹក​តាម​គ្រួ​សារបាន ចំនួន ៣០គ្រួសារ នៅ​ខេត្តព្រះវិហារ
  • រៀបចំ​សិក្ខាសាលា​ស្តីពី​ការពង្រឹង​សមត្ថភាព​ដ​ល់​ក្រុម​ស្នូល នៃ​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ មាន​អ្នកចូលរួម ចំនួន ៤៧នាក់/ស្រី ២៤នាក់ នៅ​ខេត្តព្រះវិហារ

ង. កិច្ចសហការ​ជាមួយ​អង្គការ Plan

ក្នុង​ខែមិថុនា គ.ស. ២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ Plan សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​តួនាទី និង​ភារៈកិច្ច​ដល់​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ​បាន ចំនួន ០១វគ្គ នៅ​ខេត្ត​រតនៈគីរី

ច. កិច្ចសហការ​ជាមួយ​គម្រោង ទឹកស្អាត និង​អនាម័យ អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា (WVC):

ក្នុង​ខែមិថុនា គ.ស.២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ​ពន្លឺ​អភិវឌ្ឍន៍ សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ ស្តីពី​តួនាទី ភារៈកិច្ច និង​ការទទួលខុសត្រូវ ការងារ​ជួសជុល​អណ្តូងស្នប់​បាន ចំនួន ០២វគ្គ កាលពី​ថ្ងៃទី ១៩ ដល់ ២៣ ខែឧសភា ឆ្នាំ២០១៤ មាន​អ្នកចូលរួម ចំនួន ៤១៧នាក់/ស្ត្រី ២៣២នាក់ នៅ​ខេត្តកំពង់ស្ពឺ។

IV.មេរៀន និង​បទពិសោធន៍

  • កិច្ចសហប្រតិបត្តិការ​ល្អ​នៅ​ថ្នាក់ជាតិ រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា និង​ថ្នាក់ក្រោម​ជាតិ (រដ្ឋអំណាច​មូលដ្ឋាន) ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គ្រប់​គម្រោង កម្មវិធី
  • NGOs មាន​ចំនួន​ច្រើន​កំពុងធ្វើការ​ងារ​ទឹកស្អាត​នៅតាម​បណ្តា​ខេត្ត ប៉ុន្តែ​គ្មាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត ជាហេតុ​បណ្តាល​ឲ្យ​ខ្វះ​ទាំង​ទិន្នន័យ​ថវិកា ក៏ដូចជា​សមិទ្ធផល​ដែល​សម្រេចបាន​ប្រចាំឆ្នាំ
  • ការចែករំលែក​បទពិសោធ​ន៍ និង​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវផ្សេងៗដល់​ភាគី​ពាក់ព័ន្ធ​មាន​សារសំខាន់​ណាស់ ពិសេស​ការងារ​អប់រំ​បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់​សហគមន៍​ណា​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ
  • ការបណ្តុះបណ្តាល ផ្សព្វផ្សាយ លើ​ការងារ​គុណភាព​ទឹក (អាសេនិច) មិន​ទទួលបាន​លទ្ធផល​ល្អ បើសិនជា​ការបណ្តុះបណ្តាល​ទាំងនោះ​ធ្វើ​តែមួយ​លើក ហើយ​ខ្វះ​ការតាមដាន
  • ការចូលរួម​របស់​ស្ត្រី (ក្នុងការ​សម្រេចចិត្ត) ចំពោះ​ការអនុវត្ត​គម្រោង​នានា គឺមាន​ប្រសិទ្ធិភាព​ខ្ពស់
  • បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺជា​បរិបទ​ថ្មី​នៅ​កម្ពុជា ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជនបទ​មិនទាន់មាន​ការយល់​ច្បាស់​ការវិវត្តន៍​បញ្ហា​នេះ។

V. ការ​ប្រឈម

  • ថវិកា និង​ធនធានមនុស្ស
  • ការផ្លាស់ប្តូរ​ទម្លាប់​ប្រជាពលរដ្ឋ​ក្រីក្រ
  • បញ្ហា​គុណភាព​ទឹក
  • ប្រព័ន្ធ​ទិន្នន័យ​អណ្តូង​គ្រប់​ប្រភេទ​នៅមានកម្រិត
  • បម្រែបម្រួល​អាកាសធាតុ
  • តាម​រាជធានី ខេត្ត​មួយចំនួន​ការ​ខួងអណ្តូង​ពុំ​ទទួលបាន​លទ្ធផល ដោយ​ខ្វះខាត​ទឹក​ក្រោម​ដី

VI.សំណូមពរ

  • ស្នើ​មន្ទីរ​រាជធានី ខេត្ត រៀបចំ​ឲ្យ​មាន​ស្ថិតិ​ត្រឹមត្រូវ​នូវ​អណ្តូង​កំពុងដំណើរការ និង​អណ្តូង​ខូចខាត​គ្រប់​ប្រភេទ​រួច​បញ្ជូនមក​នាយកដ្ឋាន
  • ស្នើ​មន្ទីរ​រាជធានី​ខេត្ត​បញ្ជូន​របាយការណ៍​ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​មកនាយក​ដ្ឋា​ន​ផ្គត់ផ្គង់​ទឹក​ជនបទ
  • ស្នើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្កើន​ខ្ទង់​ថវិកាជាតិ​ឲ្យ​បាន​ទ្វេ​រដង សម្រាប់​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​វិភា​ជ​ថវិកា​ឲ្យ​បាន​ទាន់ពេលវេលា
  • ស្នើ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​នានា​ដែល​មិនទាន់បាន​សហការ​កន្ល​ង​មក មេត្តា​ធ្វើ​កិច្ចសហការ​ឲ្យ​បានល្អ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ
  • ស្នើសុំ​ក្រសួង និង​អង្គការ​ដៃគូ​ផ្តល់​អ្នកបច្ចេកទេស និង​ថវិកា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ។

VII.ផែនការ និង​ទិសដៅ​សកម្មភាព​យុ​ទ្ឋ​សាស្ត្រ សម្រាប់ ខែ កក្កដា គ.ស. ២០១៤

  • សិក្សា​ទីតាំង​សម្រាប់​សាងសង់​ស្ថាន​យ៍​ផលិត​ទឹកស្អាត
  • សិក្សា​ទីតាំង​ជួសជុល​អណ្តូង
  • សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា
  • ស្តារ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច
  • ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ទុកដាក់​ទឹក​ឲ្យ​មាន​សុវត្ថិភាព​នៅតាម​គ្រួសារ
  • ពិនិត្យ តាមដាន​ការសាងសង់ និង​ជួសជុល​អណ្តូង
  • ជំរុញ​ការលើកកម្ពស់ និង​អប់រំ​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់ ថែទាំ​ប្រភពទឹក
  • ធ្វើតេស្ត​រក​សារធាតុ​អាសេនិច​ក្នុង​ទឹក​អណ្តូង​នៅ​ទូទាំងប្រទេស
  • រៀបចំ​ចងក្រង និង​ពង្រឹង​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ

VIII.សន្និដ្ឋាន 
ការអនុវត្ត​សកម្មភាព​ផ្គត់ផ្គង់​ទឹក​ជនបទ​ដែល​រួមមាន​ការសាងសង់​អណ្តូងទឹក ពាង​យក្ស ធុង​ចម្រោះ អាង​ត្រង​ទឹកភ្លៀង អាង​ចម្រោះ​ជាតិ​ដែក ស្រះ​សហគមន៍ ប្រព័ន្ធ​ចែកចាយ​ទឹក​តាម​ទុយោ​ខ្នាតតូច និង​ធារាសាស្ត្រ​ខ្នាតតូច…….ជាដើម។ល។ គឺជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ នៃ​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ជាពិសេស គឺ​បាន​ជួយ​ដល់​តម្រូវការ​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ។ ម្យ៉ាងវិញទៀត នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​ដើរតួ​ជា​អ្នកសម្របសម្រួល​ការអនុវត្ត​សកម្មភាព ដើម្បី​ផ្តល់​សេវាកម្ម​ទឹក​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ និង​អភិវឌ្ឍន៍​សហគមន៍​ប្រកបដោយ​ចីរភាព។ ដោយ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ជាពិសេស ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែលមាន ឯកឧត្ដម​រដ្ឋមន្ត្រី ជា​ប្រមុខ​បានធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ទឹក​ជនបទ មាន​ការវិវឌ្ឍ​រីកចំរើន ដោយបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ការអប់រំ ស្តីពី​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ បោះបង់​ទម្លាប់​មិនល្អ។

ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ

Scroll Up