របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ ២០១៤ របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ
February 13, 2014 by Oudom SOK0

I.សេចក្តី​ផ្តើម 
ដើម្បី​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​កែលម្អ​ស្ថានភាព​សុខភាព​សាធារណៈ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ តាមរយៈ​ការកែលម្អ​ការផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​នោះ។ ចាប់តាំងពី​ឆ្នាំ ២០០៣ មក រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​នូវ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ (DRWS) មួយ ក្រោម​ឱវាទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ (MRD)។ ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ធានាឱ្យមាន “សហគមន៍​ជនបទ​ប្រកបដោយ​សុខភាព សុភមង្គល និង​សុវត្ថិភាព ” នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ បានកំណត់​ចក្ខុវិស័យ​របស់ខ្លួន ដោយ​ធានាថា “នៅ​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គង់​ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព ”។

នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ ទូរសារ និង​ទូរស័ព្ទ​លេខ (០២៣) ៥៥៣ ៥៥១, Email Address: drws.mrd@gmail.com

II.ស្ថានភាព​មន្ត្រីរាជការ

១. រចនាសម្ព័ន្ធ

នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ មាន​ការិយាល័យ​ចំណុះ ចំនួន ០៥ គឺ (i). ការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ (ii). ការិយាល័យ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ (iii). ការិយាល័យ​ទឹកស្អាត (iv). ការិយាល័យ​គម្រោង និង​ផែនការ និង (v). ការិយាល័យ​ប្រព័ន្ធ​ស្រោចស្រព និង​ថាមពល​ខ្នាតតូច។

២. ធនធានមនុស្ស

នៅក្នុង​នាយកដ្ឋាន មាន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​សរុប ចំនួន ៧៧នាក់ (ស្រី ០៥នាក់) ដែល​បាន​បែងចែក​ទៅតាម​មុខងារ និង​តួនាទី រួមមានៈ (i). ថ្នាក់ដឹកនាំ​នាយកដ្ឋាន ចំនួន ១១នាក់ (ii). ថ្នាក់ដឹកនាំ​ការិយាល័យ ចំនួន ១៣នាក់ និង (iii). មន្ត្រី ចំនួន ៥៣នាក់។ ក្នុងនោះ​មន្ត្រី​ដែល​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​គម្រោង​នានា សរុប​ចំនួន ២១នាក់ (ស្រី ០២នាក់) ដែល​រួមមានៈ (i). គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ទី២ ចំនួន ១១នាក់ (ii). គម្រោង​កែលម្អ​ផ្លូវ​ជនបទ ចំនួន ០២នាក់ (iii). គម្រោង KETSANA ចំនួន ០១នាក់ និង (iv). អង្គការ UNICEF ចំនួន ០៦នាក់។

III.សកម្មភាព​ការងារ

១. សកម្មភាព​ការងាររដ្ឋបាល

លទ្ធផល​ការងាររដ្ឋបាល​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៅក្នុង​ខែមេសា ឆ្នាំ ២០១៤ នេះ សម្រេចបាន​ដូចតទៅៈ

  • ចូលរួម​សិក្ខាសាលា​បាន ចំនួន ០១លើក
  • លិខិតអញ្ជើញ​ថា្នក់​ដឹកនាំ​ចូលរួម​ប្រជុំបាន ចំនួន ០៤លិខិត
  • ទទួល​លិខិត​ពី​អង្គភាព និង​ស្ថាប័ន​នានា​បាន ចំនួន ០៥លិខិត

២. គម្រោង កម្មវិធី និង​អង្គ​ការសហការ​ជាមួយ​នាយកដ្ឋាន

ក. លទ្ធផល​ការងារ​សម្រេចបាន​រប​ស់​វិស័យ​ផ្គត់ផ្គង់​ទឹក​ជនបទ (ថវិកា​កម្មវិធី)

នៅក្នុង​ខែមករា ឆ្នាំ ២០១៤ នេះ លទ្ធផល​ការងារ​វិស័យ​ផ្គត់ផ្គង់​ទឹក​ជនបទ​សម្រេចបានៈ

១.ការងារ​សាងសង់​ថ្មី

  • សាងសង់​អណ្តូង​លូ​បាន ចំនួន ០២អណ្តូង នៅ​ខេត្តពោធិ៍សាត់

២. ការងារ​ស្តារ /ជួសជុល

  • ជួសជុល​អណ្តូងស្នប់​បាន ចំនួន ១០អណ្តូង នៅ​ខេត្តពោធិ៍សាត់

៣. ការងារផ្សេងៗ

  • សិក្សា​ទីតាំង​សម្រាប់​ជីក​អណ្តូង​លូ​បាន ចំនួន ១០កន្លែង ខួងអណ្តូង​បាន ចំនួន ០៣កន្លែង នៅ​ខេត្ត​កែប
  • សិក្សា​ទីតាំង​ជីក​ស្រះ​សហគមន៍​បាន ចំនួន ០១កន្លែង នៅ​ខេត្ត​កែប
  • សិក្សា​ទីតាំង​សម្រាប់​ជួសជុល​អណ្ដូង​លូ​បាន ចំនួន ២០កន្លែង ក្នុង​ឃុំ​ជីខ​លើ និង​ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង
  • សិក្សា​ទីតាំង​សាងសង់​ស្រះ​សហគមន៍​បាន ចំនួន ០១កន្លែង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ
  • សិក្សា និង​ជ្រើសរើស​ទីតាំង​សាងសង់​អណ្តូងស្នប់​បាន ចំនួន ០១កន្លែង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការថែទាំ និង​ជួសជុល​អណ្តូងស្នប់ ដល់​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ​បាន ចំនួន ០១វគ្គ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ និង​ការថែទាំ​អណ្តូងស្នប់​អា​ហ្វី​ដេ​ស កា​រប​ន្សុ​ត​ទឹក និង​ការ​ទុកដាក់​ទឹក​ទុក​ផឹក​ប្រកបដោយ​សុវត្ថិភាព​នៅតាម​គ្រួសារ ដល់ ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ មាន​អ្នកចូលរួម​ចំនួន ១០៥នាក់/ស្ត្រី ៣៦នាក់ បាន ចំនួន ០១វគ្គ នៅ​ខេត្តស្វាយរៀង
  • បញ្ចូល​ទិន្នន័យ​អណ្តូង ឆ្នាំ២០១៣ តាម​បណ្តា​ស្រុក-ក្រុង បានបញ្ចប់ ១០០% នៅ​ខេត្តស្វាយរៀង

ខ. គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ទី២ (RWSSP2)

គម្រោង​អនុវត្ត​ក្នុង​រយៈពេល ៥ឆ្នាំ (២០១០-២០១៥) មាន​ថវិកា​ចំនួន ២៥,៨ លាន​ដុល្លារ (ថវិកា​រាជរដ្ឋាភិបាល ១,៨ លាន​ដុល្លារ ជំនួយឥតសំណង​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី ២១លាន​ដុល្លារ និង​ការចូលរួម​របស់​អ្នកទទួលផល ៣ លាន​ដុល្លារ) នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ០៦ គឺ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ។ ក្នុង​ខែមេសា គ.ស. ២០១៤ នេះ​គម្រោង​សម្រេចបានៈ

  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការជួសជុល​និង​ថែទាំ​អណ្តូង​បាន ចំនួន ០១វគ្គ នៅ​ឃុំ​តា​គ្រាម និង​ឃុំ​ស្នឹង​ស្រុក​បាណន់ ខេត្តបាត់ដំបង
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី​ក្រុម​ស្នូល​ថែរក្សា​អណ្តូង​បាន ចំនួន ០១វគ្គ នៅ​ឃុំ​ក​ន្ទឺ២ ស្រុក​បាណន់ ខេត្តបាត់ដំបង
  • ចុះ​តាមដាន​ការប្រើប្រាស់​ពាង​ត្រងទឹក​ភ្លៀង​តាម​គ្រួសារ​នៅក្នុង​ឃុំ​តា​គ្រាម​និង​ឃុំ​ស្នឹង ខេត្តបាត់ដំបង
  • បាន​ចុះ​ពិនិត្យ​ការងារ​សាងសង់​ពាង​ត្រងទឹក​ភ្លៀង​នៅក្នុង​ឃុំ​ក​ន្ទឺ១និង​ឃុំ​ចែង​មានជ័យ ខេត្តបាត់ដំបង
  • ផ្តល់​ពាង​ត្រងទឹក​ភ្លៀង​បាន​ចំនួន១,១៩៣ពាង នៅ​ខេត្តបាត់ដំបង
  • ពិនិត្យ និង​តាមដាន​ការប្រើប្រាស់​បង្គន់​តាម​គ្រួសារ​នៅក្នុង ឃុំ​តា​គ្រាម​និង​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង
  • ពិនិត្យ​ការងារ​សាងសង់​បង្គន់​អនាម័យ​នៅក្នុង​ឃុំ​ក​ន្ទឺ១និង​ឃុំ​ចែង​មានជ័យ​ខេត្តបាត់ដំបង
  • សាងសង់​បង្គន់​អនាម័យ​តាម​គ្រួសារ​ចំនួន៤៨១បង្គន់ នៅ​ខេត្តបាត់ដំបង
  • រៀបចំ​ប្រជុំ​ថ្នាក់ឃុំ នៅ​ឃុំ​តា​លោ បាន ចំនួន ០១លើក មាន​អ្នកចូលរួម​សរុប​ចំនួន ៨៤នាក់ /ស្រី ១៨នាក់ នៅ​ខេត្តពោធិ៍សាត់
  • រៀបចំ​ប្រជុំ​ថ្នាក់ភូមិ បាន​ចំនួន ១៩ភូមិ ស្តីពី​ការជំរុញ​ការកសាង​បង្គន់​អនាម័យ​តាម​គ្រួសារ និង​ស្តីពី​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​បង្គន់​អនាម័យ មាន​អ្នកចូលរួម​សរុប​ចំនួន ១៦៥២នាក់/ស្ត្រី ៨៩៤នាក់ នៅ​ខេត្តពោធិ៍សាត់
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ក្រុមប្រឹក្សាឃុំ, គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ,ក្រុម​ស្នូល​នៃ​ក្រុម​ប្រើប្រាស់​ទឹក​ស្តីពី​ទម្រង់​ប្រមូល​ទិន្នន័យ នៅ​ទូទាំង​ឃុំ​អូរ​តា​ប៉ោង បាន​ចំនួន ១៨ភូមិ មាន​សិក្ខាកាម​ចំនួន ២៨៩នាក់/ស្រី ១១៥នាក់ នៅ​ខេត្តពោធិ៍សាត់
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​ក្រុមប្រឹក្សាឃុំ និង​គ.អ.ភ.ថ្នាក់ឃុំ​បាន ចំនួន ០១វគ្គ អ្នកចូលរួម​សរុប ៥៤នាក់/ស្រី ៧នាក់ នៅ​ខេត្តកំពង់ឆ្នាំង
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី និង​ភារកិច្ច​របស់ គ.អ.ភ. ក្រុម​ស្នូល និង​ជន​បង្គោល សម្រាប់​ថ្នាក់ភូមិ​បាន ចំនួន ៦ភូមិ អ្នកចូលរួម​សរុប ២៥៥នាក់/ស្រី ១១៥នាក់ នៅ​ខេត្តកំពង់ឆ្នាំង
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី CLTS Hybrids & WASHដល់ គ.អ.ភ. ក្រុម​ស្នូល និង​ជន​បង្គោល សម្រាប់​ថ្នាក់ភូមិ​បាន ចំនួន ៦ភូមិ អ្នកចូលរួម​សរុប ២៥៥នាក់/ស្រី ១១៥នាក់ នៅ​ខេត្តកំពង់ឆ្នាំង
  • សាងសង់​ធុង​ចម្រោះ​ទឹក​សហគមន៍ (ចំណុះ ៣០០០ល) បាន ចំនួន ៣៥ធុង និង​ប្រគល់ ម៉ាស៊ីនបូមទឹក​កម្លាំង៨សេស ចំនួន ០២គ្រឿង ព្រមទាំង​ទុយោ​បូម​កុំ​ប្លេ នៅ​ខេត្តកំពង់ឆ្នាំង
  • ផ្តល់​ធុង​ចម្រោះ​សេ​រ៉ា​មិច​បាន ចំនួន ១៧៣ធុង នៅ​ខេត្តកំពង់ឆ្នាំង
  • ពិនិត្យ និង​តាមដាន​ការចាក់​លូ និង​ការដឹក​លូ​ចែក​តាម​គ្រួសារ និង​ជម្រុញ​ការសង់​បង្គន់​តាម​គ្រួសារ​នៅ​ខេត្តកំពង់ឆ្នាំង
  • សាងសង់​បង្គន់​អនាម័យ​តាម​គ្រួ​សារបាន ចំនួន ៧៤៨បង្គន់ នៅ​ខេត្តកំពង់ធំ
  • សាងសង់​អណ្ដូងស្នប់​បាន ចំនួន ៦៦អណ្តូង នៅ​ខេត្តកំពង់ធំ
  • សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​តាម​ទុយ​យោ​ខ្នាតតូច​បាន ចំនួន ០២ប្រព័ន្ធ នៅ​ខេត្តកំពង់ធំ
  • រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការ​ស្រង់ និង​ប្រមូល​ទិន​ន្ន័​យ​គម្រោង​ដល់ VDC, CC, WSUG ដែលមាន​អ្នកចូលរួម​សរុប ៣១៨នាក់/ស្រី ១០៣នាក់ នៅ​ខេត្តកំពង់ធំ

គ. គម្រោង​ផែនការ​សុវត្ថិភាព​ទឹក​ជនបទ

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ គម្រោង​សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ធ្វើ​តេ​ស្តិ៍​រក​បាក់តេរី​លើ​ប្រភពទឹក​ប្រើប្រាស់ ចំនួន ៦១០ប្រភព នៅក្នុង​ភូមិ​គោលដៅ ចំនួន ០២ភូមិ គឺ​ភូមិ​ថ្នល់​ជ័យ និង​ភូមិ​ចចក​ទី២ នៅ​ខេត្តព្រៃវែង
  • អប់រំ​ប្រជាពលរដ្ឋ អំពី​ផែនការ​ទឹក​សុវត្ថិភាព (ការថែទាំ​ប្រភពទឹក ការ​ទុកដាក់​ទឹក ការប្រើប្រាស់ ទឹក​នៅតាម​សហគមន៍ ឲ្យ​មាន​សុវត្ថិភាព) មាន​អ្នកចូលរួម​ចំនួន ៥០៨នាក់/ស្រី ៤៨៥នាក់ នៅ​ខេត្តព្រៃវែង
  • រៀបចំ​ប្រជុំពិភាក្សា​អំពី​ការងារ​ទឹកស្អាត និង​អនាម័យ​ជនបទ នៅតាម​សាលារៀន និង​មណ្ឌល​សុខភាព មាន​អ្នកចូលរួម​ចំនួន ២៣នាក់/ស្រី ៤នាក់ នៅ​ខេត្តព្រៃវែង
  • រៀបចំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​សាកល្បង​ផែនការ​ទឹក​សុវត្ថិភាព កាលពី​ថ្ងៃទី ០៤ ខែមេសា គ.ស. ២០១៤ មាន​អ្នកចូលរួម​ចំនួន ២៦នាក់/ស្រី ៦នាក់ នៅ​ខេត្តព្រៃវែង
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការងារ​ទឹក​សុវត្ថិភាព​ដល់​សហគម​ន៍​បាន ចំនួន ០១វគ្គ នៅ​ខេត្តកំពង់ស្ពឺ

ឃ. គម្រោង​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ព្យុះ​កេ​ត​សា​ណា

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ​គម្រោង​សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • វាស់​ជម្រៅ​អណ្តូង​បាន ចំនួន ៥៧អណ្តូង ក្នុង​ខេត្តបាត់ដំបង

៣. គម្រោង កម្មវិធី និង​អង្គ​ការសហការ​ជាមួយ​រាជធានី ខេត្ត 

ក. កិច្ចសហការ​ជាមួយ​អង្គការ ១០០១

ក្នុង ខែមេសា គ.ស. ២០១៤ នេះ​កិច្ចសហការ​ជាមួយ​អង្គការ ១០០១ សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ពុំមាន​របាយការណ៍

ខ. គម្រោង​ថវិកា​ពី​ក្រសួង​កិច្ចការនារី

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ ក្រសួង​កិច្ចការនារី​បានផ្តល់​ថវិកា​សម្រាប់​អនុវត្ត​សកម្មភាព​ការងារ​ទឹកស្អាត ដែលជា​លទ្ធផល​សម្រេច​បាន​ដូចតទៅៈ

  • ពុំមាន​របាយការណ៍

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ UNICEF សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​ឡើងវិញ​អំពី​លទ្ធផល​សម្រេចបាន និង​ការរៀបចំ​ផែនការ​ឆ្នាំ២០១៤-២០១៥ សម្រាប់​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្រោម​អធិបតីភាព​ឯកឧត្តម ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ថ្នាក់ជាតិ នៅ​សណ្ឋាគារ​តារា Airport រាជធានី​ភ្នំពេញ
  • អប់រំ និង​សំភាសន៍​ប្រជាជន​ក្នុង​តំបន់​រងគ្រោះ​អាសេនិច លើ​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ដើម្បី​យកទៅ​វិភាគ​ពី​ការយល់ដឹង​របស់​ប្រជាជន​ពី​អាសេនិច និង​តម្រូវការ​ប្រើបាស់​ទឹក​ប្រចាំ​ក្នុង​តំបន់​នោះបាន ចំនួន ១៤២៩នាក់ នៅ​ខេត្តព្រៃវែង
  • អប់រំ​ប្រជាជន​ស្តីពី​បញ្ហា​អាសេនិច​តាម​ចំណុច​អណ្តូង​បាន ចំនួន ៧៤៩១នាក់/ស្រី ៤០៤៧នាក់ នៅ​ខេត្តព្រៃវែង

ឃ. កិច្ចសហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វព្រៃ SCW

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វព្រៃ SCW សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ជួសជុល​អណ្តូងស្នប់​បាន ចំនួន ០៤អណ្តូង នៅ​ខេត្ត​រតនៈគីរី

ង. កិច្ចសហការ​ជាមួយ​អង្គការ WFP

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ WFP សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ស្តារ​ស្រះ​សហគមន៍​បាន ចំនួន ០២ស្រះ ខេត្តកំពង់ស្ពឺ
  • ជួសជុល​ទំនប់​បាន ចំនួន ០៥ខ្សែ ប្រវែង ៤ ៧០០ម នៅ​ខេត្តកំពង់ធំ

ច. កិច្ចសហការ​ជាមួយ​អង្គការ CEDAC

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ CEDAC សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការលើកកម្ពស់​អនាម័យ​ទឹក ដល់​ប្រជាកសិករ​បាន ចំនួន ០៣ភូមិ នៅ​ខេត្ត​រតនៈគីរី

ឆ. កិច្ចសហការ​ជាមួយ​អង្គការ​កូនក្មេង

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ​កូនក្មេង សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ពុំមាន​របាយការណ៍

ជ. កិច្ចសហការ​ជាមួយ​កម្មវិធី គ.ជ.អ.ប

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​កម្មវិធី គ.ជ.អ.ប សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ពុំមាន​របាយការណ៍

ឈ. កិច្ចសហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • រៀបចំ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកស្អាត​នៅ​ឃុំ​ពោធិ៍ អ្នកចូលរួម ៣៣០នាក់/ស្រី ៣០០នាក់ នៅ​ខេត្តព្រះវិហារ
  • រៀបចំ​ប្រជុំពិភាក្សា​ពី​ការចូលរួម​បដិភាគ​របស់​សហគម​ន៍ នៅ​ខេត្តព្រះវិហារ
  • ផ្សព្វផ្សាយ​ស្តីពី​ការលើកកម្ពស់​អនាម័យ ការចេះ​ធ្វើ​ទឹក​ឲ្យ​ស្អាត​ការ​ស្តុក​ទឹក​ទុក​ប្រកបដោយ​សុវត្ថិភាព​តាម​គ្រួ​សារបាន ចំនួន ០២ភូមិ អ្នកចូលរួម​សរុប ១៤៦នាក់/ស្រី ១២៤នាក់ នៅ​ខេត្តកំពង់ឆ្នាំង
  • រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​អនាម័យ ការចេះ​ធ្វើ​ទឹក​ឱ្យ​ស្អាត ការ​ស្តុក​ទុក​ទឹក​ប្រកបដោយ​សុវត្ថិភាព​តាម​គ្រួសារ ដល់​ជន​បង្គោល​ភូមិ​បាន ចំនួន ០១វគ្គ អ្នកចូលរួម​ចំនួន ៥៣ នាក់/ស្រី ៤៦នាក់ នៅ​ខេត្តកំពង់ឆ្នាំង

ញ. កិច្ចសហការ​ជាមួយ​អង្គការ​ស្អាត​កម្ពុជា

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក សម្រេចបាន​លទ្ធផល​ការងារ​ដូចតទៅៈ

  • ផ្សព្វផ្សាយ​ផលប៉ះពាល់​ដល់​សុខភាព​នៃ​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ដល់​ប្រជាពលរដ្ឋ​បាន ចំនួន ៩ភូមិ មាន​អ្នកចូលរួម​ចំនួន ៣៦៥នាក់/ស្រី ២៩១នាក់ នៅ​ខេត្តព្រៃវែង
  • ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់ និង​ថែទាំ​ធុង​ចំរោះ​ខ្សាច់​ជីវសាស្ត្រ​បាន ចំនួន ១៩ភូមិ មាន​អ្នកចូលរួម​ចំនួន ១,០៤៦នាក់/ស្រី ៧១៩នាក់ នៅ​ខេត្តព្រៃវែង
  • ត្រួតពិនិត្យ​ការប្រើប្រាស់​ធុង​ចម្រោះ​ជីវសាស្ត្រ​ប្រចាំខែ​បាន​ចំនួន ១៣ឃុំ ៧០ភូមិ ២០២៤ធុង ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​កំចាយមារ ខេត្តព្រៃវែង
  • រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​ធុង​ចម្រោះ​ខ្សាច់​ជីវសាស្ត្រ​ដល់​រដ្ឋអំណាច​ឃុំ ភូមិ បាន​ចំនួន ០២លើក ក្នុង​ឃុំ​ស្មោង​ជើង និង​ឃុំ​ស្មោង​ត្បូង ក្នុងស្រុក​កំចាយមារ មាន​អ្នកចូលរួម​ចំនួន ៧២នាក់/ស្រី ១០នាក់ នៅ​ខេត្តព្រៃវែង
  • ផ្តល់​ធុង​ចម្រោះ​ខ្សាច់​ជីវសាស្ត្រ ចំនួន ៦៦៩ធុង នៅ​ខេត្តព្រៃវែង

ដ. កិច្ចសហការ​ជាមួយ​អង្គការ SNV

ក្នុង​ខែមេសា គ.ស. ២០១៤ នេះ កិច្ចសហការ​ជាមួយ​អង្គការ SNV សម្រេចបាន​លទ្ធផល​ការ ងារ​ដូចតទៅៈ

  • ពិនិត្យ និង​តាមដាន​សកម្មភាព​លើកកម្ពស់​អនាម័យ​ក្នុងការ​ផ្លាស់ប្តូរ​ទំលាប់ (BCC) នៅ​ឃុំ​ស្តេច​គង់​ខាងលិច មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ២១៥នាក់/ស្រី ១៤៧នាក់ សម្រាប់​គ្រួសារ​ស្ម័គ្រចិត្ត​ប្រើប្រាស់ និង​ផឹកទឹក​មាន​សុវត្ថិភាព​ចំនួន ១៤៤គ្រួសារ នៅ​ខេត្តកំពត

IV.មេរៀន និង​បទពិសោធន៍

  • កិច្ចសហប្រតិបត្តិការ​ល្អ​នៅ​ថ្នាក់ជាតិ រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា និង​ថ្នាក់ក្រោម​ជាតិ (រដ្ឋអំណាច​មូលដ្ឋាន) ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គ្រប់​គម្រោង កម្មវិធី
  • NGOs មាន​ចំនួន​ច្រើន​កំពុងធ្វើការ​ងារ​ទឹកស្អាត​នៅតាម​បណ្តា​ខេត្ត ប៉ុន្តែ​គ្មាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត ជាហេតុ​បណ្តាល​ឲ្យ​ខ្វះ​ទាំង​ទិន្នន័យ​ថវិកា ក៏ដូចជា​សមិទ្ធផល​ដែល​សម្រេចបាន​ប្រចាំឆ្នាំ
  • ការចែករំលែក​បទពិសោធ​ន៍ និង​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវផ្សេងៗដល់​ភាគី​ពាក់ព័ន្ធ​មាន​សារសំខាន់​ណាស់ ពិសេស​ការងារ​អប់រំ​បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់​សហគមន៍​ណា​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ
  • ការបណ្តុះបណ្តាល ផ្សព្វផ្សាយ លើ​ការងារ​គុណភាព​ទឹក (អាសេនិច) មិន​ទទួលបាន​លទ្ធផល​ល្អ បើសិនជា​ការបណ្តុះបណ្តាល​ទាំងនោះ​ធ្វើ​តែមួយ​លើក ហើយ​ខ្វះ​ការតាមដាន
  • ការចូលរួម​របស់​ស្ត្រី (ក្នុងការ​សម្រេចចិត្ត) ចំពោះ​ការអនុវត្ត​គម្រោង​នានា គឺមាន​ប្រសិទ្ធិភាព​ខ្ពស់
  • បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺជា​បរិបទ​ថ្មី​នៅ​កម្ពុជា ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជនបទ​មិនទាន់មាន​ការយល់​ច្បាស់​ការវិវត្តន៍​បញ្ហា​នេះ។

V.ការ​ប្រឈម

  • ថវិកា និង​ធនធានមនុស្ស
  • ការផ្លាស់ប្តូរ​ទម្លាប់​ប្រជាពលរដ្ឋ​ក្រីក្រ
  • បញ្ហា​គុណភាព​ទឹក
  • ប្រព័ន្ធ​ទិន្នន័យ​អណ្តូង​គ្រប់​ប្រភេទ​នៅមានកម្រិត
  • បម្រែបម្រួល​អាកាសធាតុ
  • តាម​រាជធានី ខេត្ត​មួយចំនួន​ការ​ខួងអណ្តូង​ពុំ​ទទួលបាន​លទ្ធផល ដោយ​ខ្វះខាត​ទឹក​ក្រោម​ដី

VI.សំណូមពរ

  • ស្នើ​មន្ទីរ​រាជធានី ខេត្ត រៀបចំ​ឲ្យ​មាន​ស្ថិតិ​ត្រឹមត្រូវ​នូវ​អណ្តូង​កំពុងដំណើរការ និង​អណ្តូង​ខូចខាត​គ្រប់​ប្រភេទ​រួច​បញ្ជូនមក​នាយកដ្ឋាន
  • ស្នើ​មន្ទីរ​រាជធានី​ខេត្ត​បញ្ជូន​របាយការណ៍​ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា​មកនាយក​ដ្ឋា​ន​ផ្គត់ផ្គង់​ទឹក​ជនបទ
  • ស្នើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្កើន​ខ្ទង់​ថវិកាជាតិ​ឲ្យ​បាន​ទ្វេ​រដង សម្រាប់​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​វិភា​ជ​ថវិកា​ឲ្យ​បាន​ទាន់ពេលវេលា
  • ស្នើ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​នានា​ដែល​មិនទាន់បាន​សហការ​កន្ល​ង​មក មេត្តា​ធ្វើ​កិច្ចសហការ​ឲ្យ​បានល្អ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ
  • ស្នើសុំ​ក្រសួង និង​អង្គការ​ដៃគូ​ផ្តល់​អ្នកបច្ចេកទេស និង​ថវិកា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ។

VII.ផែនការ និង​ទិសដៅ​សកម្មភាព​យុ​ទ្ឋ​សាស្ត្រ សម្រាប់ ខែ ឧសភា គ.ស. ២០១៤

  • សិក្សា​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ៍​ផលិត​ទឹកស្អាត
  • សិក្សា​ទីតាំង​ជួសជុល​អណ្តូង
  • សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា
  • ស្តារ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច
  • ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ទុកដាក់​ទឹក​ឲ្យ​មាន​សុវត្ថិភាព​នៅតាម​គ្រួសារ
  • ពិនិត្យ តាមដាន​ការសាងសង់ និង​ជួសជុល​អណ្តូង
  • ជំរុញ​ការលើកកម្ពស់ និង​អប់រំ​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់ ថែទាំ​ប្រភពទឹក
  • ធ្វើតេស្ត​រក​សារធាតុ​អាសេនិច​ក្នុង​ទឹក​អណ្តូង​នៅ​ទូទាំងប្រទេស
  • រៀបចំ​ចងក្រង និង​ពង្រឹង​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ

VIII.សន្និដ្ឋាន 
ការអនុវត្ត​សកម្មភាព​ផ្គត់ផ្គង់​ទឹក​ជនបទ​ដែល​រួមមាន​ការសាងសង់​អណ្តូងទឹក ពាង​យក្ស ធុង​ចម្រោះ អាង​ត្រង​ទឹកភ្លៀង អាង​ចម្រោះ​ជាតិ​ដែក ស្រះ​សហគមន៍ ប្រព័ន្ធ​ចែកចាយ​ទឹក​តាម​ទុយោ​ខ្នាតតូច និង​ធារាសាស្ត្រ​ខ្នាតតូច…….ជាដើម។ល។ គឺជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ នៃ​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ជាពិសេស គឺ​បាន​ជួយ​ដល់​តម្រូវការ​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ។ ម្យ៉ាងវិញទៀត នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​ដើរតួ​ជា​អ្នកសម្របសម្រួល​ការអនុវត្ត​សកម្មភាព ដើម្បី​ផ្តល់​សេវាកម្ម​ទឹក​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ និង​អភិវឌ្ឍន៍​សហគមន៍​ប្រកបដោយ​ចីរភាព។ ដោយ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ជាពិសេស ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែលមាន ឯកឧត្ដម​រដ្ឋមន្ត្រី ជា​ប្រមុខ​បានធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ទឹក​ជនបទ មាន​ការវិវឌ្ឍ​រីកចំរើន ដោយបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ការអប់រំ ស្តីពី​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ បោះបង់​ទម្លាប់​មិនល្អ។

ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ

Scroll Up